ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ក្នុងរង្វង់ ៦ ភាគរយ
សេដ្ឋកិច្ច January 10, 2025 Khmernote

យោងតា​មការចុះផ្សាយរបស់ ​ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ថាស្ថិតនៅក្នុងកម្រិត ៦,0% សម្រាប់ឆ្នាំ ២០២៥ នេះ ដោយកើនឡើងជាងឆ្នាំមុន ០,២% ។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍តាមរយៈគេហទំព័រផ្លូវការណ៍របស់ នាគារអភិវឌ្ឍន៍អាស៊ីថា ការព្យាករនេះដោយផ្អែកទៅលើការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករ ទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម ១,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់ បានកើនឡើង ២៣,៣% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ផ្ទុយពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃនិងព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះថា នឹងទទួលបានក្នុងរង្វង់ ៦,៣ភាគរយ។

ទន្ទឹមគ្នានេះ យោងតាមការវាយតម្លៃ និងព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញទៀតថា សម្រាប់ រយៈពេលមធ្យមទៅមុខ (២០២៦-២០២៧), សេដ្ឋកិច្ចកម្ពុជា នឹងបន្តនិន្នាការងើបឡើងវិញ ជាមួយនឹងកំណើនក្នុងរង្វង់ ៦,៣% និង ៦,៦%, ជាមធ្យម, រៀងគ្នា ។

ទោះជាយ៉ាងនេះក្តី, ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក៏ប្រឈមទៅនឹងភាពមិនប្រាកដប្រជាខ្ពស់ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ នៅតែបន្តស្ថិតក្នុងអន្តរកាលនៃពហុវិបត្តិ និងការផ្លាស់ប្តូរកាន់តែលឿននៃនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច, ដែលការណ៍នេះនឹងអាចផ្ដល់ទាំងបច្ច័យវិជ្ជមាន និងអវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងបរិបទនៃការលេចឡើងនូវនិន្នាការថ្មីៗ, រាជរដ្ឋាភិបាល កម្ពុជា បាននិងកំពុងខិតខំពង្រីក និងបន្តពង្រឹងមូលដ្ឋានខាងក្នុងឱ្យកាន់តែមានភាពប្រកួតប្រជែង ដើម្បី ស្រូប និងទាញយកប្រយោជន៍ពីកាលានុវត្តភាពថ្មីៗទាំងនោះ ក៏ដូចជាបន្តកសាងភាពធន់នៃសង្គម- សេដ្ឋកិច្ច ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចៀសហានិភ័យ ដែលនឹងកើតឡើងក្នុងពេល ខាងមុខ ជាយថាហេតុ ។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវអភិក្រមក្នុងការតាមដាន, សិក្សា និង វាយតម្លៃជាប់លាប់ជាប្រចាំ លើដំណើរការវិវត្តនៃស្ថានការណ៍ខាងក្រៅ និង ផ្ទៃក្នុងប្រទេស ពោលគឺត្រូវ ក្ដាប់ជាប់ជាប្រចាំនូវជីពចរនៃសង្គម-សេដ្ឋកិច្ច និងត្រូវដាក់ចេញនូវវិធានការចំគោលដៅ ប្រកបដោយ បុរេសកម្ម និងទាន់ពេលវេលា ៕

ប្រភព៖ ​ក្រសួងព័ត៌មាន