ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជាសមាជិកអាស៊ានកើន​ឡើង​ជិត ១៣ភាគរយជាមួយទឹកប្រាក់ជាង ១៤ពាន់​លានដុល្លារ
សេដ្ឋកិច្ច January 9, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិក​អាស៊ានមាន​ទំហំទឹកប្រាក់ជាង ១៤,៣ពាន់​លានដុល្លារ​អាមេរិក ពោលកើនឡើង ១២,​៨ ​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនេះ កម្ពុជាបាន​នាំចេញ​ទំនិញ​​ក្នុងទំហំទឹកប្រាក់ជាង ៤,៦២០លានដុល្លារ កើនឡើង ៨,៨៧ ភាគរយ ,ចំណែក​ការនាំចូលពីបណ្តាប្រទេសសមាជិក​អាស៊ានចូលមក​កាន់កម្ពុជាមានទឹកប្រាក់ ៩,៦៨៩ លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍​ក្រសួងពាណិជ្ជកម្ម។

ប្រភពដដែលបានគូសរំលេចថា ប្រទេសសមាជិកអាស៊ានដែលជាដៃ​គូ​ពាណិជ្ជកម្មកំពូលទាំង ៥ របស់កម្ពុជា រួមមាន ប្រទេសវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។វៀតណាម បានឈរជាទីផ្សារឈរលំដាប់ទី១ របស់កម្ពុជា ដោយ​នាំចូលទំនិញពីកម្ពុជាក្នុងទឹកប្រាក់ ៣ ២៨៩លានដុល្លារ ,រីឯប្រទេសថៃឈរលំដាប់ទី២ ដោយនាំចូលទំនិញពីកម្ពុជាក្នុង​ទឹកប្រាក់ចំនួន ៧៨០លានដុល្លារ។

ចំណែកប្រទេសសិង្ហបុរី នាំចូលទំនិញពីកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន ១៦១​លានដុល្លារ,ប្រទេសម៉ាឡេស៊ី បាននាំចូលទំនិញ​ក្នុងទឹកប្រាក់ចំនួន ១២៨ លានដុល្លារ និងប្រទេសឥណ្ឌូនេស៊ីបាននាំចូលទំនិញពីកម្ពុជាចំនួន ៨៧ លានដុល្លារ។ ទន្ទឹមនឹង​នេះ ប្រទេសព្រុយណេ ដារូសាឡឹម ,ហ្វីលីពីន ,ឡាវ ,មីយ៉ាន់ម៉ា ក៏ជាដៃគូពាណិជ្ជកម្មសំខាន់ផងដែរ។

សូមជម្រាបជូនថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិ​របស់កម្ពុជាសម្រេចបានចំនួន ៥០,៤៥ពាន់​លានដុល្លារ គឺកើនឡើង ១៥,៩៥ ភាគរយ ក្នុងនោះ កម្ពុជានាំចេញសម្រេចបាន ២៤,៣៤ពាន់លានដុល្លារ កើនឡើង ១៤,៣៦ភាគរយ និងការនាំចូលមកវិញមានទឹកប្រាក់ ២៦,១០​ពាន់លានដុល្លារ កើន ១៧,៤៨ ភាគរយ។ នេះបើតាមរបាយការណ៍របស់​ក្រសួងពាណិជ្ជកម្មដដែល៕

ប្រភព៖ ក្រសួងព័ត៌មាន