ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា
សេដ្ឋកិច្ច December 26, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀតស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០២ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារអាមេរិក)។

សូមជម្រាបថា ហិរញ្ញប្បទាន ត្រូវបានផ្តល់ជូនសម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» ដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យភូមិសាស្រ្តសម្រាប់ជំរុញការរៀបចំដែនដី និងនគរូបនីយកម្មនៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន