ផលិតផលសក្ដានុពលជាច្រើនមុខរបស់កម្ពុជា បានបង្ហាញខ្លួននៅក្នុងកម្មវិធីពិពរ័ណ៍ធំមួយឈ្មោះថា OTOP City 2024 នាប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នាថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃឡង់ដ៍ បានចូលរួមរៀបចំសម្របសម្រួលស្តង់ពិព័រណ៍ស្ថានទូតកម្ពុជា និងបានចូលរួមក្នុងកម្មវិធីសម្ពោធពិព័រណ៍ OTOP City 2024
ក្នុងឱកាសនោះ ស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជា បានដាក់តាំងបង្ហាញនូវផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជាមួយចំនួន រួមមាន៖ គ្រាប់ស្វាយចន្ទីរ ម្រេច ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ដំណាប់ស្វាយ ម្ទេសជ្រក់ ម្ទេសគ្រៀមកិន ខ្នុរគ្រៀម គ្រឿងអលង្ការ ក្រម៉ាខ្មែរ សំពត់សូត្រ និងវត្ថុអនុស្សាវរីយ៍ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរក្នុងទីផ្សារប្រទេសថៃឡង់ដ៍ ដើម្បីបង្ហាញជូនភ្ញៀវជនជាតិថៃ និងបរទេស។
សូមជម្រាបផងដែរថា ពិពរ័ណ៍ធំមួយឈ្មោះថា OTOP City 2024 រៀបចំឡើងនៅមជ្ឈមណ្ឌល Impact Muang Thong Thani ចាប់ពីថ្ងៃទី១៤-២២ ខែធ្នូ ឆ្នាំ២០២៤។ កម្មវិធីពិពរ័ណ៍នេះរៀបចំដើម្បីដាក់តាំងបង្ហាញផលិតផល OTOP ជាច្រើនដែលរួមមាន៖ គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗ ទៀត៕









ប្រភព៖ ក្រសួងពាណិជ្ជកម្ម
អត្ថបទ៖ លីនី


