អភិបាលខេត្តព្រះសីហនុ៖ អគារចំនួន៤០ ក្នុងចំណោម១០១អគារ កំពុងសាងសង់ឡើងវិញ ក្រោយសម្របសម្រួលឱ្យវិនិយោគបន្ត
សេដ្ឋកិច្ច December 16, 2024 Khmernote

យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តព្រះសីហនុ ថ្លែងថា អគារចំនួន៤០បាននិងកំពុងសាងសង់ ហើយអគារចំនួន៧បានសាងសង់រួចរាល់ ក្នុងចំណោមអគារជាប់គាំងសរុបចំនួន១០១ ដែលបានសម្របសម្រួលឱ្យវិនិយោគបន្ត ដែលនេះគឺជាដង្ហើមជីវិតថ្មីក្នុងវិស័យសំណង់ និងការវិនិយោគរបស់ខេត្តព្រះសីហនុ ។

ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បញ្ហាជាប់គាំងសំណង់អគារទាំងអស់នេះ កើតឡើងដោយសារកត្ដាវិបត្ដិកូវីដ១៩ ដែលម្ចាស់អភិវឌ្ឍន៍មិនបានត្រឡប់មកបន្ដគម្រោងវិញ ។ ប៉ុន្ដែនៅពេលដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជំរុញការវិនិយោគខេត្ដព្រះសីហនុឆ្នាំ២០២៤នេះ ការបំពេញបែបបទនីតិវិធីនៃការចុះបញ្ជីត្រូវបានសម្រួល រួមទាំងផ្នែកពន្ធក៏ត្រូវបានលើកទឹកចិត្ដជាច្រើនផងដែរ ។

ឯកឧត្តម បានបន្តថា ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការជួយសម្របសម្រួលពីក្រុមការងារពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត បច្ចុប្បន្ននេះសំណង់ចំនួន១០១អគារដែលជាប់គាំង បានត្រៀមខ្លួនសម្រាប់ការរស់ឡើងវិញហើយ ។

ឯកឧត្តមបានបន្ថែមថា ជាក់ស្ដែង ចំពោះរោងចក្រផលិតសូឡាដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប គឺក្រុមការងារពិសេសនិងរដ្ឋបាលខេត្តព្រះសីហនុ បានជួយសម្រប សម្រួលការងារជាច្រើន ពាក់ព័ន្ធនឹងទំនិញចេញ-ចូលរបស់ពួកគាត់ដែលកកស្ទះ ធ្វើយ៉ាងណាឱ្យទំនិញអាចនាំចេញបានលឿន ដើម្បីឱ្យស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ សំដៅចាប់ផ្តើមការសាងសង់អគារជាប់គាំង និងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់ មានភាពរស់រវើកឡើងវិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែមករា សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ ដើម្បីបង្កើតក្រុមការងារពិសេសជំរុញការវិនិយោគខេត្ដព្រះសីហនុក្នុងឆ្នាំ២០២៤ ដែលនឹងត្រួតពិនិត្យការអភិវឌ្ឍន៍គម្រោងវិនិយោគថ្មី និងដោះស្រាយបញ្ហាស្ទះនានា ជុំវិញគម្រោងដែលមានស្រាប់ ។ ក្រុមការងារនេះ នឹងបំពេញមុខងារជាការិយាល័យច្រកចេញចូលតែមួយ ជាការិយាល័យសេវាច្រកចេញចូលតែមួយ ដែលភាពងាយស្រួលសម្រាប់ការអនុម័ត ការអនុញ្ញាត និងអាជ្ញាប័ណ្ណអាជីវកម្មសម្រាប់វិនិយោគិន ៕

ប្រភព៖ ក្រសួងព័ត៌មាន