ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីលក្ខខណ្ឌមួយចំនួន ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) រួមជាមួយអត្ថប្រយោជន៍ដែលនឹងទទួលបានបន្ទាប់ពីក្លាយជាសោធនិក។
បើតាមការចុះផ្សាយរបស់ ក្រសួងការងារ នៅលើផេកផ្លូវការកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) កម្មករនិយោជិតទាំងអស់ត្រូវបំពេញលក្ខខណ្ឌមួយចំនួនរួមមាន៖
១. បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន
២. បានបង់ភាគទានមក ប.ស.ស. យ៉ាងតិច១២ខែ
៣. មានអាយុយ៉ាងតិច៦០ឆ្នាំ
ជាមួយគ្នានោះដែរ ក្រសួងការងារ ក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍ដែលត្រូវទទួលបាន ពេលក្លាយជាសោធនិកផងដែរ ដោយបន្ទាប់ពីក្លាយជាសោធនិក សមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
១. ទទួលបានប្រាក់សោធនជរាភាពជាប្រចាំខែ
២. ទទួលបានការព្យាបាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតបង់ថ្លៃ
៣. ទទួលបានប្រាក់វិភាជន៍បូជាសពនៅពេលទទួលមរណភាព
៤. ទទួលបានប្រាក់សោធនឧត្ដរជីវី (នៅពេលអ្នកចូលនិវត្តន៍ទទួលមរណភាព ប្ដី ឬប្រពន្ធ និងកូននៅក្នុងបន្ទុកនឹងទទួលបានប្រាក់ ៤៥ភាគរយ នៃប្រាក់ចូលនិវត្តន៍របស់អ្នកចូលនិវត្តន៍)
ចំណាំ៖ នៅពេលដល់អាយុយ៉ាងតិច ៦០ឆ្នាំ កម្មករនិយោជិតមានសិទ្ធិស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!

ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ


