ក្រុមហ៊ុនបរទេសធំមួយ គិតគូរវិនិយោគលើការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ នៅកម្ពុជា
សេដ្ឋកិច្ច November 29, 2024 Khmernote

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំថោះ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី។

កិច្ចប្រជុំធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន ហ៊ុន Hong Leong Manufacturing Group នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីឱ្យតំណាងក្រុមហ៊ុនជួបពិភាក្សាលក្ខណៈបច្ចេកទេសលម្អិតជាមួយឯកឧត្តមអគ្គលេខាធិការ ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា។​ ឧកញ៉ា Tan Khee Meng បានជម្រាបជូនថា ក្រុមហ៊ុនបានគិតគូរវិនិយោគក្នុងវិស័យចំនួន ៤ រួមមាន៖ ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។

ជាការឆ្លើយតប ចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមពីទំហំទីផ្សារ ក៏ដូចជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា និងបានស្វាគមន៍គម្រោងផលិតកម្ម Ceramic និងផលិត Semi-conductor ដែលក្រុមហ៊ុនអាចរកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ឬ វិនិយោគបង្កើតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។ ជាព័ត៌មានបន្ថែម ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាដោយទទួលបានគម្រោងវិនិយោគដែលប្រើបច្ចេកវិទ្យាទំនើបនិងមានតម្លៃបន្ថែមខ្ពស់ជាច្រើន ដូចជាគម្រោងវិនិយោគផលិតសំបកកង់រថយន្ត, សម្ភារៈបរិក្ខារអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, គ្រឿងសង្ហារឹម និងការផ្គុំដំឡើងទោចក្រយាន ។ល។ បន្ថែមលើនេះ កន្សោមឧស្សាហកម្ម (industrial cluster) ត្រូវបានលេចជារូបរាងក្នុងតំបន់សេដ្ឋកិច្ចពិសេស លើមុខសញ្ញាវិនិយោគមួយចំនួន រួមមាន៖ ការផលិតអំពូលលម្អអគ្គិសនី ខ្សែភ្លើង សម្ភារៈតុបតែងលម្អដើមគ្រីស្មាស់ គ្រឿងសង្ហារឹម ក្តារប្លាកេ ក្តារបន្ទះ និងការផ្គុំដំឡើងទោចក្រយាន។ល។

ម្យ៉ាងវិញទៀត ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ, ការកែច្នៃជ័រកៅស៊ូ, និងការកែច្នៃកសិផលផ្សេងៗជាច្រើនទៀតដែលនាពេលបច្ចុប្បន្នទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា