ការ​ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ
សេដ្ឋកិច្ច November 25, 2024 Khmernote

អគ្គនាយកដ្ឋានពន្ធដារនារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ក្រើនរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តឯកជនមួយចំនួនបានប្រកាស បង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តា រួសរាន់អញ្ជើញមកបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅ សាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា 1 ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅ ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬនៅធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅ ធនាគារវឹង (ខេមបូឌា) ម.ក ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ។ ម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។ ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬ ទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្រ បង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទណ្ឌកម្ម រដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធត្រូវស្មើនឹង១០០%នៃប្រាក់ពន្ធត្រូវបង់) តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ និង កងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទ៖ លីនី