នៅព្រឹកថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
នាឱកាសជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ និងពេលវេលាដ៏មានតម្លៃ ទទួលជួបឯកឧត្តម និងគណៈប្រតិភូវិនិយោគិនជប៉ុនក្នុងពេលនេះ។ ឯកឧត្តមបានបន្តថា ជំនួបសាជាថ្មីនេះ គឺដើម្បីរាយការណ៍ជូនសម្តេចអំពីវឌ្ឍនភាពការងារនៃសមាគមនាពេលកន្លងមក ដែលបានចូលរួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា និងអំពីការបើកការិយាល័យរបស់សមាគមនៅកម្ពុជា កាលពីខែសីហាឆ្នាំ២០២៤ ដែលអាចឱ្យទាំងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា ចុះឈ្មោះចូលជាសមាជិករបស់សមាគម និងធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសទាំងពីរ ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរពីដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ គឺមានក្រុមហ៊ុនជប៉ុនចំនួន ២៦ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនចំនួន១៧ជាក្រុមហ៊ុនថ្មីមិនដែលមកកម្ពុជាសោះ ហើយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ នៅវិស័យវារីវប្បកម្ម… ។ល។
ឯកឧត្តម បានបញ្ជាក់ផងដែរថា កន្លងមកសមាគម ជប៉ុន-កម្ពុជា បានខិតខំផ្សព្វផ្សាយតាមគ្រប់រូបភាព តាមទូរទស្សន៍ជប៉ុនអំពីសក្ដានុពលរបស់កម្ពុជា នៅក្នុងប្រទេសជប៉ុនដើម្បីទាក់ទាញវិនិយោគជប៉ុនបន្ថែមទៀត ពិសេសក្រុមហ៊ុនប្រភេទសហគ្រាសធុនតូចនិងមធ្យម ឱ្យមកធ្វើការវិនិយោគថែមទៀតនៅកម្ពុជា។
លោក កាតុ អគ្គលេខាធិការនៃសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនសម្តេចតេជោផងដែរថា សហគ្រាសធុនតូច និងមធ្យម (SME) របស់ជប៉ុន ដែលសមាគមបាននាំមកកម្ពុជានាពេលនេះ គឺមានជំនាញក្នុងការកែច្នៃវត្ថុធាតុដើមនានាដែលសំបូរបែបនៅកម្ពុជា ដើម្បីផលិតជាទំនិញដ៏មានតម្លៃសម្រាប់ទីផ្សារកម្ពុជា តំបន់និងពិភពលោក។
ក្នុងចំណោមជំនាញទាំងនោះ មានជំនាញខាងការកែច្នៃប្រើប្រាស់សូត្រពណ៌មាសរបស់កម្ពុជា តាមបច្ចេកវិទ្យាថ្មីរបស់ជប៉ុន មកធ្វើជាផលិតផលថែរក្សាសម្ផស្សដ៏មានប្រសិទ្ធភាព ការកែច្នៃសំបកគ្រាប់ស្វាយចន្ទីឱ្យទៅជាចំណីសត្វគោ, ការចិញ្ចឹមត្រី ទីឡាព្យាដែលមានផលប្រយោជន៍សម្រាប់ការនាំចេញ ហើយស្រកាត្រីទីឡាប់ព្យា អាចផលិតទៅជាផលិតផលរក្សាសម្រស់ ខណៈឆ្អឹងត្រីទីឡាប់ព្យាអាចកែច្នៃទៅជាចំណីសត្វ។ ទន្ទឹមនេះដែរក៏មានក្រុមហ៊ុនដែលមានជំនាញ កែច្នៃផ្លែខ្នុរ ពោលគឺក្តិបខ្នុរ និងសម្បកខ្នុរ ដែលកសិករកម្ពុជាតែងតែបេះចោលដើម្បីទុកឱ្យខ្នុរធំៗមានទំហំធំល្អ មកធ្វើជាម្ហូបក្នុងអាហារដ្ឋាន និងធ្វើជាចំណីសត្វផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជាដែលដឹកនាំដោយឯកឧត្តម តាកាហាស៊ី ដែលបានប្រឹងប្រែងក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ហើយវិស័យឯកជនរបស់ជប៉ុនបានរួមចំណែកយ៉ាងច្រើននៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក កាតុអគ្គលេខាធិការសមាគម ដែលខិតខំជំរុញក្រុមហ៊ុនតូច មធ្យម មកវិនិយោគនៅកម្ពុជា ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងលើកកម្ពស់វិស័យសហគ្រាសធន់តូចនិងមធ្យមនៅកម្ពុជា ក្នុងការបង្កើតឱ្យទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ។
សម្តេចតេជោ បានបញ្ជាក់ថាអ្វីដែលវិនិយោគិនជប៉ុន ចង់វិនិយោគនៅកម្ពុជា ក្នុងពេលនេះ គឺជាពេលវេលាដ៏សមស្របសម្រាប់កម្ពុជា ហើយវត្ថុធាតុដើមដែលភាគីជប៉ុនត្រូវការក៏មាននៅកម្ពុជាផងដែរ។ ប្រទេសកម្ពុជា មានវត្ថុធាតុដើមដ៏ល្អ ប៉ុន្តែបើមានបច្ចេកវិទ្យាជប៉ុនកែឆ្នៃ ឱ្យទៅជាផលិតផលប្រកបដោយជំនឿទុកចិត្តនោះ វានឹងបន្ថែមតម្លៃទៅលើផលិតផលនោះ និងជំនឿទុកចិត្តថែមទៀត។
សម្តេចតេជោ បានបញ្ជាក់ទៅវិនិយោគិនជប៉ុនថា ផលិតផលរួមរវាងកម្ពុជា និង ជប៉ុន ប្រាកដជានឹងត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ សម្ដេចតេជោ ក៏បានចាប់អារម្មណ៍ផងដែរទៅលើការកែច្នៃក្ដឹបខ្នុរ និងសំបកខ្នុរ ហើយបើអាចកែច្នៃតាមការរៀបរាប់របស់ក្រុមហ៊ុននោះប្រជាពលរដ្ឋកម្ពុជា និងអាចបង្កើនការដាំដុះដំណាំនេះថែមទៀត ។ កត្តានេះ មិនត្រឹមតែជួយដល់សេដ្ឋកិច្ច និងជីវភាពរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបំពេញដល់គម្របព្រៃឈើរបស់កម្ពុជា ដែលធ្វើឱ្យការវិនិយោគលើ ឥណទានកាបោន នឹងទទួលផលចំនេញកាន់តែច្រើន។ សម្តេចតេជោ បញ្ជាក់ផងដែរថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសកម្ពុជាបៃតង ដែលឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។
ជាចុងក្រោយ សម្តេចតេជោ បានថ្លែងអំណរគុណសាជាថ្មីដល់ឯកឧត្តម តាកាហាស៊ី ប្រធានសមាគមជប៉ុន-កម្ពុជា និងលោកអគ្គលេខាធិការ ដែលបានខិតខំធ្វើការបានយ៉ាងល្អ និងសូមជូនពរដល់លោកទាំងពីរ និងគណៈប្រតិភូវិនិយោគិនជប៉ុនទាំងអស់ទទួលបានជោគជ័យត្រចះត្រចង់ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងសូមទទួលបានសុខសុវត្ថិភាពពេលត្រឡប់ទៅប្រទេសជប៉ុនវិញ៕








