កម្ពុជាប្រែក្លាយពីប្រទេសពឹងផ្អែក ស្ទើរតែទាំងស្រុងលើផលិតផលកសិកម្ម ទៅជាប្រទេសនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលមួយចំនួនទៀតទៅកាន់ទីផ្សារពិភពលោក
សេដ្ឋកិច្ច November 12, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បានប្រែក្លាយកម្ពុជា ពីប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុងលើផលិតផលកសិកម្ម ទៅជាប្រទេសនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង កាបូប ទោចក្រយាន គ្រឿងអេឡិចត្រូនិក បរិក្ខារ បង្គុំយានយន្ដ អង្ករ កៅស៊ូ សេវាកម្ម។ល។ ទៅកាន់ទីផ្សារពិភពលោក។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសថាការកែប្រែខាងលើ បានធ្វើឡើងដោយការរួមចំណែកពីសំណាក់ WTO ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការទទួលបានប្រព្រឹត្តិកម្មពិសេសនិងដោយឡែក ការកសាងសមត្ថភាពនិងជំនួយបច្ចេកទេស ប្រព័ន្ធទីផ្សារអនុគ្រោះពន្ធ និងទិសដៅនាំចេញផលិតផលរបស់កម្ពុជារហូតដល់ជាង ១៧០ប្រទេស។

ការគូសបញ្ចាក់របស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មខាងលើ បានធ្វើឡើងនៅទីស្នាក់ការ WTO ក្នុងឱកាសដែលឯកឧត្តម បានចូលរួមនិងផ្តល់បទអន្តរាគមន៍ស្តីពី “តួនាទីរបស់ពាណិជ្ជកម្មក្នុងដំណើរនៃការអភិវឌ្ឍរបស់កម្ពុជា” ក្នុងកិច្ចប្រជុំលើកទី១០០ នៃអនុគណៈកម្មការក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs) នារសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម បានលើកឡើងទៀតថា ការអនុវត្តគម្រោងនានាក្រោមក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) បានជួយគាំទ្រដល់ការកសាងគោលនយោបាយពាណិជ្ជកម្ម បង្កើនផលិតភាពនិងសមត្ថភាព ពង្រឹងការប្រកួតប្រជែងជំនាញនិងស្ថាប័ន ភាពធន់ពាណិជ្ជកម្ម និងការបង្កើតការងារ ដែលបានជួយដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មក្នុងតំបន់ និងពហុភាគី។

ក្នុងបទអន្តរាគមន៍ខាងលើ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីលទ្ធភាពនៃផលប៉ះពាល់ពាណិជ្ជកម្មមួយចំនួនក្រោយកម្ពុជានឹងចាកចេញពីឋានៈប្រទេសLDC ក្នុងឆ្នាំ២០២៩ ខាងមុខ និងការត្រៀមខ្លួនរបស់កម្ពុជា តាមរយៈការបន្តការធ្វើកំណែទម្រង់ ការរៀបចំច្បាប់និងគោលនយោបាយគាំទ្រដល់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ និងការផ្តួចផ្តើមនានា សំដៅឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានណាមួយនាពេលខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សមាជិកអង្គការ WTO និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការជំនួយបច្ចេកទេសនានាដល់កម្ពុជា និងស្នើសុំការបន្តសហការ និងគាំទ្របន្ថែមទៀត សំដៅជួយកម្ពុជាក៏ដូចជាបណ្តាប្រទេស LDCs ផ្សេងទៀត អាចបន្តការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួនទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីឱ្យកាន់តែទូលំទូលាយ៕

ប្រភព៖ ក្រសួងព័ត៌មាន