(ម៉ាកាវ, ចិន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មតំណាងដោយ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ សាធារណៈរដ្ឋប្រជាមានិតចិន តំណាងដោយ លោក KIT HENG LEI នាយកប្រតិបត្តិសមាគមសហព័ន្ធអ្នកផ្តត់ផ្គង់ម៉ាកាវ (MUSA) បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារដៃគូដែលមានអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញផលិតផលជាច្រើនប្រភេទចូលទៅកាន់ទីផ្សារទំនិញ ផ្សារទំនើបតូច-ធំ ភោជនីយដ្ឋាន សណ្ឋាគារ និងរីហ្សត ប្រមាណជាង ១០០០កន្លែង នៅទូទាំងទីក្រុងម៉ាកាវ និងហុងកុង។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ លោក Gao Kaixian ប្រធានក្រុមប្រឹក្សានីតិបញ្ញាតិ្ត និង លោក Dong Wei តំណាងការិយាល័យទំនាក់ទំនងសេដ្ឋកិច្ចនៃរដ្ឋបាលកណ្តាលនៃរដ្ឋបាលពិសេសម៉ាកាវ ក្នុងបំណងផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារដៃគូ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសមាគម MUSA ដែលមានអ្នកផ្គត់ផ្គង់សំខាន់ៗ រួមមាន៖ សហគ្រាស និងក្រុមហ៊ុនតូចធំប្រមាណជិត ៣០០ ដែលជាអ្នកផ្គត់ផ្គង់ចែកចាយកសិផល និងម្ហូបអាហារ ជាសមាជិក។
សូមជម្រាបជូនថា រហូតមកដល់ពេលនេះមានសមាជិកដែលជាអ្នកផ្គត់ផ្គង់ និងចែកចាយជាច្រើនរបស់សមាគម MUSA បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបញ្ជាទិញទំនិញកសិផលរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារនៅទីក្រុងម៉ាកាវ និងហុងកុង នាពេលដ៏ខ្លីខាងមុខផងដែរ៕








ប្រភព៖ ក្រសួងពាណិជ្ជកម្ម


