គណៈប្រតិភូចិន ចាប់អារម្មណ៍បោះទុនវិនយោគនៅកម្ពុជា ខណៈក្រសួងពាណិជ្ជកម្ម ស្នើឱ្យភាគីចិននាំចូលទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសកសិផលសក្ដានុពល ៧មុខនេះ
សេដ្ឋកិច្ច November 2, 2024 Khmernote

គណៈប្រតិភូចិន មកពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចាប់អារម្មណ៍បោះទុនវិនយោគនៅកម្ពុជា ខណៈរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើឱ្យភាគីចិន នាំចូលទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសកសិផលសក្ដានុពលដូចជា ដំឡូងមី ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ចេកអំបូង និងកៅស៊ូ។

យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Chen Jizhi អនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម និងជាប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ គណៈប្រតិភូចិនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅកម្ពុជា និងបានលើកឡើងនូវសំណួរ សំដៅស្វែងយល់អំពីគោលនយោបាយពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម តម្រូវការទីផ្សារ បរិយាកាសវិនិយោគ និងធនធានកសិកម្មនៅកម្ពុជា ដើម្បីចាប់ឱកាសភាពជាដៃគូកិច្ចសហការវិស័យឯកជនរវាងកម្ពុជា-ចិន (ខេត្តក្វាងស៊ី)។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីការលើកទឹកចិត្តទាំងឡាយដែលមានចែងក្នុងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ភាពអនុគ្រោះផ្នែកពន្ធដារ ការប្រើប្រាស់ដីធ្លី វិស័យអាទិភាពសម្រាប់វិនិយោគ និងទំនិញសក្ដានុពលនៅកម្ពុជា។ល។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យភាគីចិនជួយនាំ ទំនិញពីកម្ពុជា ជាពិសេសកសិផល មានដូចជា ដំឡូងមី ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ចេកអំបូង និងកៅស៊ូ ទៅកាន់ប្រទេសចិនឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយគម្លាតតុល្យភាពជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យភាគីចិន ពិចារណារៀបចំសមាសភាពប្រតិភូតាមវិស័យមកជួបពិភាក្សាផ្ទាល់ជាមួយដៃគូនៅកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចលើកក្រោយ ដែលនោះជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរអាចពិភាក្សា និងចុះកិច្ចសន្យាធ្វើធុរកិច្ចជាក់ស្ដែងជាមួយគ្នាបាន ផងដែរ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម