ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី៖ សម្តេច​ធិបតីជំរុញឱ្យផលិត​ជី​សរីរាង្គ ​លក់ចែកជូន​ប្រជាកសិករ ​​​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​​
សេដ្ឋកិច្ច November 1, 2024 Khmernote

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានលើកឡើងតាមរយៈផេកផ្លូវការថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាជាមួយឯកឧត្តមបណ្ឌិត ​លេី​វិស័យ​ផលិត​ជី​សរីរាង្គ​ (ជីធម្មជាតិ)​ ដេីម្បី​លក់ចែកជូន​ប្រជាកសិករ​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស​។

ឯកឧត្តមបណ្ឌិត បានបង្ហោះរូបថតពិសារអហារពេលព្រឹក​ជាមួយសម្ដេចធិបតី ដោយមានអមជាមួយខ្លឹមសារដូច្នេះថា៖ « ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​ វេលាម៉ោង​ ៨ព្រឹក​​ សម្តេច​មហាបវរធិបតី​ បានផ្តល់​កិត្តិយស​ដ៏​មហាខ្ពង់ខ្ពស់បំផុត​ ពិសារអាហារ​ពេលព្រឹក​ពិភាក្សា​លេី​វិស័យ​ផលិត​ជី​សរីរាង្គ​(ជីធម្មជាតិ)​ ដេីម្បី​លក់ចែកជូន​ប្រជាកសិករ​យេីង​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស​ និង​ជួយ​ជំរុញពង្រីក​វិស័យ​ទេសចរណ៍​ធម្មជាតិ​អោយ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ។
ក្រោយ​ពីបានជួប​ពិភាក្សា​រយៈពេល​មួយ​ម៉ោង​ដប់ប្រាំនាទី​រួច​មក​ ខ្ញុំ​សូម​កោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​បំផុត​ ចំពោះ​សម្តេច​ធិបតី​ឈ្លាសវៃដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ទើរតែ​គ្រប់ពាក្យទាំងអស់​សម្តេច​គិតគូរ​តែពី​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន​ ។ ខ្ញុំ​សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ដែលសម្តេច​បាន​ផ្តល់​កិត្តិយស​ដល់រូបខ្ញុំ​នា​ឱកាស​នេះ​ ។ ខ្ញុំ​បាទ​នឹងខិតខំ​ប្រឹងប្រែង​រកគ្រប់​មធ្យោបាយ​ ដេីម្បី​អនុវត្តអោយបានតាម​អនុសាសន៍​របស់​សម្តេច​ ដេីម្បី​បាន​ចូលរួម​ចំណែក​បម្រេីជាតិ​ប្រជាជន​ លេីវិស័យ​កសិកម្ម​ កសិ-ឧស្សាហកម្ម​ និង​ទេសចរណ៍​ធម្មជាតិ​នេះ​ » ៕

ប្រភព៖ ផេកផ្លូវការឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី