យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានលើកឡើងអំពីការអភវិឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ បាននឹងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅការរីកចម្រើនថ្មីៗបន្ថែមទៀត។
បន្ថែមពីនេះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានជំរុញលើកទឹកចិត្តដល់បងប្អូនម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ ត្រូវបន្តកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុនរកស៊ីបន្ថែមទៀត នៅភូមិសាស្រ្តខេត្តតាកែវ របស់យើង ដែលជាខេត្តមួយមានសក្ដានុពលសំខាន់ៗជាច្រើន។
យោងតាមរបាយការណ៍របស់ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានឱ្យដឹងថា សហគ្រាស គ្រឹះស្ថាន នៅក្នុងខេត្តតាកែវ មានរោងចក្រ សហគ្រាស សរុបចំនួន ២៩២ទីតាំង មានកម្មករ និយោជិតសរុបចំនួន ៨៥,៦២៩នាក់ ស្រី ៦១,០១៤នាក់ មានដូចជា៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៧៣សហគ្រាស, រោងងចក្រផលិតស្បែកជើងចំនួន ១១ សហគ្រាស, រោងចក្រផលិតកាបូប ចំនួន ១១សហគ្រាស, រោងចក្របោះពុម្ព ប៉ាក់ តម្បាញ ចំនួន៦ សហគ្រាស, រោងចក្រសហគ្រាសក្រៅពីកាត់ដេរ ចំនួន ២៧សហគ្រាស, សេវាកម្សាន្ត និងភោជនីយដ្ឋានធំៗ មាន ៥គ្រឹះស្ថាន, សិប្បកម្មផលិតឥដ្ឋមាន មានចំនួន ៣ សិប្បកម្ម, ធនាគារ និង មីក្រូហិរញ្ញវត្ថុ មានចំនួន ១២៥គ្រឹះស្ថាន, កាស៊ីណូ មាន ១សហគ្រាស និង សហគ្រាស គ្រឹះស្ថានផ្សេងៗ ចំនួន ២៦សហគ្រាស៕
ប្រភព៖ ក្រសួងព័ត៌មាន