យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក Salon International de l’Alimentation (SIAL) Paris នៅទីក្រុង ប៉ារីសប្រទេសបារាំងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ មានក្រុមហ៊ុនចំនួន ៧៨០០ក្រុមហ៊ុន មកពី ១៣០ ប្រទេសបានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤សែនប្រភេទត្រូវបានបង្ហាញ ជាមួយនឹងអ្នកទស្សនាអាជីពជាង ២៨ម៉ឺននាក់។ ជាមោទកភាពកម្ពុជាក៏បានចូលរួមបង្ហាញផលិតផលអង្ករល្អបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ កម្រិតពិភពលោកនេះដែរ។
សូមជម្រាបថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន ១២ក្រុមហ៊ុនដែលជាក្រុមហ៊ុន នាំចេញអង្ករធំរបស់កម្ពុជា ចូលតាំងបង្ហាញអង្ករល្អបំផុត ជាពូជស្រូវផ្ការំដួលរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥ដងនិងអង្ករសែនក្រអូប ដែលធ្លាប់បានឈ្នះពានមាសនៅប្រទេសចិន ទៅចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោកសម្រាប់ឆ្នាំ ២០២៤ នេះ។
ជាមួយរូបភាពជាច្រើនសន្លឹកលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី២២ ខែតុលា នេះ សហព័ន្ធស្រូវអង្ករកម្ពុជាគូសរំលេចថា ជាការចូលរួមលើកទី២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ខណៈលើកទី១ គឺនៅឆ្នាំ២០១៤ និងលើកទី២នៅឆ្នាំ ២០២៤ ជាខួបលើកទី៦០ នៃព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris នេះផងដែរ។
គេបានដឹងជាសកលថា កម្មវិធីពិព័រណ៍អន្តរជាតិនេះបានក្លាយជាវេទិកាមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូល និងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ ក៏ដូចជាតម្រូវការអាហារពិភពលោកដោយផ្តោតលើការច្នៃប្រឌិតផ្នែកចំណីអាហារ និងភេសជ្ជៈ។
បើយោងតាមប្រភពសហព័ន្ធស្រូវអង្ករកម្ពុជា កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ SAIL Paris ឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនចំនួន ៧៨០០ ក្រុមហ៊ុន មកពី ១៣០ ប្រទេសបានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤សែនប្រភេទ ដែលជាផលិតផលផ្នែកចំណីអាហារ ភេសជ្ជៈ គ្រាប់ធញ្ញជាតិ ។ល។ និងមានអ្នកទស្សនាអាជីពចំនួន (Trade Visitor) ២៨៥ ០០០នាក់ មកពីជាង២០០ ប្រទេស ដែលក្នុងនោះក្រុមហ៊ុនអន្តរជាតិលំដាប់អន្តរជាតិធំៗ (Top Buyer) ចំនួនជាង ៨ ០០០ ក្រុមហ៊ុន ដែលមានសមត្ថភាពទិញ (Purchasing Power) ក្នុងទំហំទឹកប្រាក់ ៥០បីលាន អឺរ៉ូ (50 Billion Euro) ក៏បានចូលរួមផងដែរ។
នៅក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះដែរ ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ទទួលបាននូវកិត្តិយស និងការគាំទ្រតាមរយៈការ ចូលរួមទស្សនាដោយផ្ទាល់ពីថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងសហគ្រិនខ្មែរ តំណាងគម្រោង Feed the Future Harvest III និងភ្ញៀវអន្តរជាតិជាច្រើនទៀត។
សូមជម្រាបជូនថា ការចូលរួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក ត្រូវបានចូលរួមគាំទ្រដោយ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគម្រោងរបស់ទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈគម្រោង Feed the Future Cambodia Harvest III។
ក្រុមហ៊ុននាំចេញអង្ករទាំង១២ ដែលបានចូលរួមតាំងពិព័រណ៍រួមមាន៖
1. KOMPONGTHOM RICE MILL LIMITED
2. DAILY FRESH FOODS (CAMBODIA) CO., LTD.
3. EANG HEANG IMPORT EXPORT CO., LTD.
4. SIGNATURES OF ASIA CO., LTD.
5. CITY RICE IMPORT EXPORT CO., LTD.
6. FEDRICE BATTAMBANG LTD.
7. LOR EAK HENG SEK MEAS CO., LTD.
8. INDOCHINA RICE MILL LIMITED
9. AMRU RICE (CAMBODIA) CO., LTD.
10. KHMER FOODS GROUP CO., LTD.
11. PRIMALIS CORPORATION LTD.
12. GOLDEN RICE (CAMBODIA) CO., LTD.








ប្រភព៖ ក្រសួងព័ត៌មាន


