ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងចេញបេសកម្មគោះទ្វារវិនិយោគិននៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបឆាប់ៗនេះ
សេដ្ឋកិច្ច October 19, 2024 Khmernote

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងចុះបេសកកម្មគោះទ្វារវិនិយោគិននៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខនេះ។

យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Matt Jackson នាយក និងជាប្រធានផ្នែកធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន នៃក្រុមហ៊ុន KPMG និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជំនួបនាឱកាសនោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើកិច្ចការងាររៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងរៀបចំបេសកកម្មគោះទ្វារវិនិយោគិនជាបន្តបន្ទាប់ទៅកាន់ប្រទេសផ្សេងៗជាច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ភាពរីកចម្រើនថ្មីៗ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបើកទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស មានជាអាទិ៍ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបជាដើម៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា