ក្រុមហ៊ុន Cambodia Angkor Air គ្រោងបង្កើនជើងហោះហើរត្រង់ទីក្រុងធំនានាៗ នៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក
សេដ្ឋកិច្ច October 18, 2024 Khmernote

ក្រុមហ៊ុន Cambodia Angkor Air គ្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់ទីក្រុងធំនានាៗ នៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរបរទេស និងចិនមកទស្សនាប្រទេសកម្ពុជា។

គម្រោងខាងលើនេះ ត្រូវបានលើកឡើងនៅក្នុង ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត Zhan David នាយកប្រតិបត្តិ និងជាតំណាងក្រុមហ៊ុន Cambodia Angkor Air រួមទាំងសហការី កាលពីរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីជម្រាបជូនពីស្ថានភាពអាជីវកម្មក្រុមហ៊ុន បញ្ហាប្រឈម និងស្នើសុំអនុសាសន៍លើគម្រោងផែនការអាជីវកម្មរបស់ក្រុមហ៊ុននាឆ្នាំខាងមុខដែលគ្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់ទីក្រុងធំនានាៗ នៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរបរទេស និងចិនមកទស្សនាប្រទេសកម្ពុជា។

ក្នុងជំនួបនេះ ក្រុមហ៊ុនបានគោរពស្នើសុំប្រគល់យន្តហោះថ្មីមួយគ្រឿងក្នុងចំណោមយន្តហោះចំនួន ៥គ្រឿងដែលក្រុមហ៊ុននឹងទិញជូនក្រសួងទេសចរណ៍ប្រសិទ្ធិនាម និងដាក់ស្លាកផ្សាយពាណិជ្ជកម្មលើតួយន្តហោះ ហើយក្រសួងក៏បានឯកភាពតាមសំណើរបស់ក្រុមហ៊ុន។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏សូមសន្យាជូនឯកឧត្តមរដ្ឋមន្រ្តី នឹងជួយបន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនចិនឱ្យបានទូលំទូលាយ និងរៀបចំវេទិកាជំនួបធុរកិច្ចរវាងវិនិយោគិនចិន ដើម្បីទាក់ទាញវិនិយោគបន្ថែមពីប្រទេសចិននៅកម្ពុជា៕

អត្ថបទ៖ លីនី