សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង និងក្រសួងសាធារណការ បញ្ចប់MOU លើការអភិវឌ្ឍផ្លូវដែក ឱ្យបានចប់សព្វគ្រប់ក្នុងឆ្នាំនេះ
សេដ្ឋកិច្ច October 15, 2024 Khmernote

យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទាក់ទិននឹងការអភិវឌ្ឍផ្លូវដែករបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ជាគោលការណ៍ កំណត់ឱ្យក្រុមហ៊ុនផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាបញ្ចប់កិច្ចចរចា និងចុះ MOU ឱ្យចប់សព្វគ្រប់នៅចុងឆ្នាំនេះ បើពុំដូច្នេះទេ សម្តេចធិបតី នឹងដកសិទ្ធិពីក្រុមហ៊ុន។

ក្នុងព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ កម្ពុជា​ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា “ផ្លូវដែកឥឡូវយើងមានមួយចំហៀង ពីជើងទៅត្បូង ដែលត្រូវធ្វើម៉េចចរចា ខ្ញុំបានឱ្យគោលការណ៍ទៅក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីចរចាគ្នាឱ្យបាន MOU យ៉ាងយូរចុងឆ្នាំនេះ ព្រោះយើងកកស្ទះ គាំងរាប់សិបឆ្នាំមកហើយ” ។

ក្នុងនោះសម្តេចធិបតី បានសង្កត់ធ្ងន់ថា “យើងមិនអាចទុកតទៅទៀតទេ ត្រូវពង្រឹង ទៅថ្ងៃមុខយើងអាចពិនិត្យលទ្ធភាព រឿងផ្លូវដែកពីភ្នំពេញ ទៅទិសខាងកើត ដើម្បីភ្ជាប់ ព្រោះវាជួយច្រើន នៅក្នុងការដឹកជញ្ជូន កាត់បន្ថយការចំណាយ ចឹងសូមអ្នកឧកញ៉ា គិត ម៉េង ហើយខាងឯកឧត្តម ប៉េង ពោធិ៍នា ធ្វើម៉េចចរចាឱ្យចប់ MOU រឿងផ្លូវដែកនឹងឱ្យចប់ត្រឹមដាច់ឆ្នាំនេះ ដើម្បីយើងចាប់ផ្តើមធ្វើការងារពង្រឹងខាងហ្នឹង” ។

បើទោះបីក្នុងពេលមានប្រសាសន៍ ទឹកមុខរបស់សម្តេចធិបតី មានការញញឹមក្តី ប៉ុន្តែសម្តេច បាននិយាយច្បាស់ៗថា “តែចរចាអត់ចប់ ខ្ញុំដកហើយ ចប់មិនល្អឥតខ្ចោះឱ្យតែវាដើរ ចាប់ផ្តើមធ្វើដំណើរទៅ ហើយចាំយើងពង្រឹងទៀត ជាគោលការណ៍ ចឹងទាំងក្រុមហ៊ុន ទាំងក្រសួង ឃើញបានជជែកហើយ មានឆន្ទៈក្នុងការធ្វើ មិនបាច់យកល្អឥតខ្ចោះនោះទេ យកអ្វីដែលអាចដើរបាន MOU ចាំជជែកគ្នាពេលក្រោយលម្អិតប៉ុណ្ណា ប៉ុន្តែធ្វើម៉េចឱ្យមានជាឯកភាពជាគោលការណ៍ អាចដំណើរការចាប់ផ្តើម Upgrade ឬជួសជុលម៉េចបាន” ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា “ថវិកាយើងមានមួយចំនួន សម្រាប់សិក្សាផ្លូវដែក ប៉ុន្តែយើងចរចាឱ្យហើយ ចាំដាក់ទៅបើមិនអញ្ជឹងយើងចាយលុយឥតប្រយោជន៍ លើកមុនយើងមាន ៣០០លានយ័ន សម្រាប់ត្រៀម ដែលចិនបានផ្តល់ឱ្យជំនួយឥតសំណង សម្រាប់ផ្លូវដែកនេះឯង ប៉ុន្តែដោយសារយើងចរចាមិនទាន់បាន ចឹងរៀបអាហ្នឹងមួយ ដើម្បី Upgrade ធ្វើម៉េចអាជើងត្បូងរបស់យើងនឹងកាន់តែប្រសើរ”៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី
ប្រភព៖ ក្រសួងព័ត៌មាន