ក្រុមហ៊ុនមួយរបស់កូរ៉េ ចាប់អារម្មណ៍លើការកែច្នៃប្រេងចេញពីសម្បកស្វាយចន្ទីនៅកម្ពុជា ដើម្បីប្រើប្រាស់ជាថាមពល
សេដ្ឋកិច្ច October 7, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានកសិ-ឧស្សាហកម្ម បានឱ្យដឹងថា ក្រុមហ៊ុន IS KHMER CO.LTD ដែលជាសម្ព័ន្ធរបស់ក្រុមហ៊ុន INSUNG CO.,LTD ស្ថិតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចាប់អារម្មណ៍លើការកែច្នៃប្រេងចេញពីសម្បកស្វាយចន្ទី ដើម្បីប្រើប្រាស់ជាថាមពល។

ការចាប់អារម្មណ៍របស់ក្រុមហ៊ុនខាងនេះ ត្រូវបានលើកឡើងនៅកិច្ចពិភាក្សាការងាររវាង លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ជាមួយ លោក ស៊ីន ដុងខាង តំណាងក្រុមហ៊ុន IS KHMER CO.LTD ដើម្បីស្វែងយល់អំពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីកម្ពុជា នៅនាយកដ្ឋានកសិ-ឧស្សាហកម្ម។

ក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត ប្រធាននាយកដ្ឋានបានជម្រាបជូនភ្ញៀវអំពីសក្តានុពលនៃវិស័យស្វាយចន្ទីកម្ពុជា។ បន្ទាប់ពីកិច្ចពិភាក្សារួចមក តំណាងក្រុមហ៊ុន បានបង្ហាញការចាប់អារម្មណ៍បន្ថែមលើការកែច្នៃប្រេងចេញពីសម្បកស្វាយចន្ទី ដើម្បីប្រើប្រាស់ជាថាមពល។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុន បានសម្តែងនូវសេចក្តីរីករាយ និងការថ្លែងអំណរគុណដល់នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនចូលជួបពិភាក្សាការងារ ហើយក្រុមហ៊ុន នឹងបន្តសិក្សាបន្ថែមទៀតលើស្ថានភាពទូទៅក្នុងខ្សែច្រវាក់កែច្នៃប្រេងចេញពីសម្បកស្វាយចន្ទី។

គួរបញ្ជាក់ផងដែរថា ការកែច្នៃប្រេងចេញពីសម្បកស្វាយចន្ទី នឹងចូលរួមចំណែក ជាសកម្មភាពកែច្នៃអស់លទ្ធភាពក្នុងខ្សែច្រវាក់តម្លៃស្វាយចន្ទីសម្រាប់ប្រើប្រាស់ជាថាមពល៕

ប្រភព៖ នាយកដ្ឋានកសិឧស្សាហកម្ម