យោងតាការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អ៉ីមមើស៊ីវ អង្គរ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើត «សារមន្ទីរអ៉ីមមើស៊ីវ អង្គរ»។តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតសារមន្ទីរអ៉ីមមើស៊ីវ អង្គរ ដើម្បីបង្កើតបទពិសោធន៍ថ្មី ឬជាកញ្ចប់ទេសចរណ៍ថ្មីនៅក្នុងខេត្តសៀមរាប។
បន្ទាប់ពីការចុះហត្ថលេខា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះ ស្របតាមបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងការថែរក្សា និងផ្សព្វផ្សាយរមណីយដ្ឋានអង្គរ។ គម្រោងកិច្ចសហប្រតិបត្តិការនេះដែរ នឹងជំរុញឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ថ្មីៗកាន់តែប្រសើរ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបែបឌីជីថល ធ្វើឱ្យអង្គរជារូបតំណាងផ្នែកវប្បធម៌ពិភពលោកដ៏រឹងមាំ។
ឯកឧត្តមបន្តថា គម្រោងខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងផ្តល់ ការណែនាំផ្នែកវិទ្យាសាស្រ្ត ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃប្រវត្តិសាស្រ្ត និងបញ្ហារស៊ើបផ្នែកវប្បធម៌ ទន្ទឹមនឹងនោះ ក្រុមហ៊ុនអ៉ីមមើស៊ីវ អង្គរ នឹងអភិវឌ្ឍន៍ និងគ្រប់គ្រងសារមន្ទីរ។
លោក កែ ប៊ិន សូរស្មី នាយកប្រតិបត្តិក្រុមហ៊ុនអ៉ីមមើស៊ីវ អង្គរ បានពណ៌នាថា កិច្ចសហប្រតិបត្តិការនេះ មានសារសំខាន់ណាស់សម្រាប់ចែករំលែកប្រវត្តិសាស្រ្តអង្គរតាមរយៈ បច្ចេកវិទ្យាថ្មីៗ។ សារមន្ទីរអ៉ីមមើស៊ីវ អង្គរ នឹងផ្តល់ជូននូវការធ្វើដំណើរឆ្លងកាត់ពេលវេលា ធ្វើឱ្យអ្នកទស្សនាយល់ដឹងកាន់តែស៊ីជម្រៅអំពីបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏ធានាបាននូវការអភិរក្សកេរដំណែលនៃបេតិកភណ្ឌវប្បធម៌។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញានេះថា គម្រោងខាងលើនេះ មិនមែនផ្តល់តែបទពិសោធន៍បែបសារមន្ទីរប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ គឺការស្កេនប្រាសាទទ្រង់ទ្រាយធំនឹងត្រូវបានធ្វើឡើង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបង្កើតបណ្ណាល័យឌីជីថលអំពីប្រាសាទអង្គរ។ កិច្ចខិតខំប្រឹងប្រែងអភិរក្សបែបឌីជីថលនេះ ធានាបាននូវកេរដំណែលរបស់ប្រាសាទ សម្រាប់មនុស្សជំនាន់ក្រោយ៕
ប្រភព៖ ក្រសួងព័ត៌មាន