ទីបំផុត គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសចិន
សេដ្ឋកិច្ច September 27, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធ​ដំឡូងមីកម្ពុជាកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុង​ណាន​នីង ខេត្តគ័ងស៊ី ប្រទេសចិន ដែលតាមរយៈការ​ចុះហត្ថលេខានេះ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមី របស់កម្ពុជាអាចនាំ​ចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបាន​ប្រាប់​បណ្ដាញសារព័ត៌មានថា អនុស្សរណៈយោគយល់គ្នានេះ ផ្តោតទៅ​លើកិច្ចសហប្រតិបត្តិការ និងជំរុញការនាំចេញឱ្យបានឆាប់លើ​ផលិតផលគ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា។

ទីផ្សារដែលធំបំផុតសម្រាប់សំបុកត្រចៀកកាំដែលកែច្នៃហើយ គឺប្រទេសចិន ។លោកប្រធានសមាគមមានសុទិដ្ឋិនិយមថា​តាមរយៈ​អនុស្សរណៈនេះ សំបុកត្រចៀកកាំនឹងអាចមានការឡើងថ្លៃមិនខាន ដោយសារតែយើងអាចនាំចេញទៅប្រទេសចិន​បានដោយផ្ទាល់​មិនឆ្លងកាត់ប្រទេសទី៣ ខណៈទីផ្សារបច្ចុប្បន្ន សម្រាប់សំបុក​ត្រចៀកកាំដែលមិនទាន់កែច្នៃភាគច្រើន​នាំចេញទៅដោយផ្ទាល់​ទៅ​កាន់ប្រទេសវៀតណាម ថៃ និងមួយចំនួនទៅប្រទេសចិន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញ​ការកត់សម្គាល់ ពាក់ព័ន្ធទៅនឹងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ថា ភាគច្រើនគឺមានភាពស៊ាំញាំ និងស្មុគ្រស្មាញ ដែលធ្វើឱ្យកសិផលមួយ​ចំនួនត្រូវបង្ខំចិត្តឆ្លងកាត់ប្រទេសទី៣ ទើបអាចនាំចូល​ទៅទីផ្សារ​ប្រទេស​ចិនបាន។ ដូច្នេះតាមរយៈការចុះអនុស្សរណៈនេះ ផលិតផល​កសិកម្មមួយចំនួនរបស់កម្ពុជា អាចនឹងនាំចូលក្នុង​ខេត្តគ័ងស៊ី ប្រទេស​ចិនបានដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ប្រទេស​ទី៣ទៀតទេ ហើយក៏អាចជំរុញឱ្យកសិករដែលជាអ្នក​ផលិត​ទទួលបានចំណូល​ច្រើនជាងមុន៕

ប្រភព៖ ក្រសួងព័ត៌មាន