យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិជប៉ុន “Tourism Expo Japan 2024” ចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានការចូលរួមពីអ្នកសារព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងស្ថាប័ននានា មកពីជាង ៨០ប្រទេស ក្នុងតំបន់ និងពិភពលោក និងមានអ្នកទិញអន្តរជាតិចំនួន ២៨០នាក់ ដោយរំពឹងថា ពិព័រណ៍រយៈពេល ៤ថ្ងៃនេះ នឹងមានអ្នកទស្សនាសរុបចំនួន ១៨០.០០០នាក់។
ការចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិជប៉ុននេះ ធ្វើឡើងស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤”។
ក្នុងឱកាសនោះ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ឡុង ភិរម្យ ប្រធានប្រតិភូក្រសួងទេសចរណ៍ និងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ព្រមទាំងសហការី បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន “Tourism Expo Japan 2024” និងបានបន្តអញ្ជើញមកទស្សនាពន្លាក្រសួងទេសចរណ៍ផងដែរ។
សូមគូសបញ្ជាក់ផងដែរថា ទីផ្សារជប៉ុនជាទីផ្សារសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន ចំនួន ៦២.៤៩៧នាក់ កើនឡើង ៤៨,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ តាមរយៈការចូលរួមពិព័រណ៍ “Tourism Expo Japan 2024” ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជប៉ុន ឱ្យមកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ” កាន់តែច្រើនថែមទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន