ភូមិវត្តបូព៌ នៃក្រុងសៀមរាប នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង បន្ថែមពីលើមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ
ទេសចរណ៍ September 16, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង ក្រៅតែពីមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ។

វត្តបូព៌ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ភូមិវត្តបូព៌ជាភូមិឋានដ៏ចំណាស់មួយ នៃក្រុងសៀមរាប ដែលមានសណ្ដាប់ធ្នាប់ មិនមានសំឡេងរំខាន ព្រមជាមួយបរិស្ថានស្រស់បំព្រង ដែលសាកសមជាទីកន្លែងទេសចរណ៍បែបវប្បធម៌ និងសាសនា។ នៅមិនឆ្ងាយពីដងស្ទឹងសៀមរាបប៉ុន្មាន វត្តរាជបូព៌ ត្រូវបានប្រជាពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ចូលទស្សនាទីអារាមមួយនេះមិនដាច់ ដែលក្នុងនោះគេមិនអាចមើលរំលងបានឡើយនូវធម្មជាតិពណ៌បៃតង ដើមឈើកម្រនានា ជាពិសេសសំណង់ស្ថាបត្យកម្មនៃព្រះវិហារដ៏ចំណាស់ដែលមានអាយុកាលជាង ៤០០ឆ្នាំ។

ទន្ទឹមនោះ ទីអារាមមួយនេះ បាននឹងកំពុងសាងសង់នូវសារៈមន្ទីរតម្កល់វត្ថុបុរាណ សរុបប្រមាណ ២ ៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាភស្តុតាង ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលើវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។

ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចស្វែងរកសណ្ឋាគារប្រណីតៗ ដែលមានភាពស្ងប់ស្ងាត់ បន្ធូរអារម្មណ៍ នៅតាមហាងកាហ្វេដ៏ទាក់ទាញ ជាមួយរសជាតិនំបុ័ងឈ្ងុយឆ្ងាញ់ ដែលជាអារម្មណ៍ដ៏ស្រស់ស្រាយនាពេលព្រឹកព្រលឹម។ បន្ថែមពីនេះ ភ្ញៀវទេសចរអាចស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិវត្តបូព៌ ជាមួយនឹងការភ្លក្ស រសជាតិអាហារបែបខ្មែរ និងទិញវត្ថុអនុស្សាវរីយ៍ក្នុងតំបន់ ធ្វើដោយដៃ។ នាពេលល្ងាចភ្ញៀវទេសចរ អាចកម្សាន្តអារម្មណ៍ នៅតាមហាងស្រាបែបរ៉ូមែនទិក ដែលមានតន្ត្រីកំដរ និងរសជាតិអាហារប្លែកៗបែបអាស៊ី និងអ៉ឺរ៉ុបផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន