លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី កាលពីឆ្នាំមុន បានធ្វើឡើងក្នុងទំហំពាណិជ្ជកម្មសរុបលើស ១ប៊ីលានដុល្លារ ដែលកើនឡើងប្រមាណ ១៥% បើធៀបនឹងឆ្នាំ២០២២។
នៅក្នុងពិធីបើកពិព័រណ៍ “សួស្តីឥណ្ឌូនេស៊ី” នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវរដ្ឋមន្ត្រី បានមានជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរនឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបនវានុវត្តន៍ ដូចជា ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នេះ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមនិងរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកសក្តានុពល ឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី។
ឆ្លៀតនាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនថា ឆ្នាំចុងនេះ ក្រសួងពាណិជ្ជកម្មនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំមួយគឺ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE) លើកទី១៧” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅ PH Grand Hall បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន ដែលមានការចូលរួមពីអ្នកតាំងពិព័រណ៍ជាតិ និងអន្តរជាតិជាច្រើនរូប៕



ប្រភព៖ ក្រសួងព័ត៌មាន


