មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងថា ស្រូវសែនក្រអូប និងស្រូវស្រងែ កំពុងឡើងថ្លៃនៅលើទីផ្សារ
សេដ្ឋកិច្ច September 10, 2024 Khmernote

យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក ហ៊ីន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានអោយដឹងថា ការលក់ដូរនៅឯទីតាំងស្រែសម្រាប់ស្រូវសែនក្រអូប (SKO) តម្លៃ ១,៣២០៛ ក្នុង១ គីឡូក្រាម ស្រូវស្រងែ តម្លៃ១,២០០៛ ក្នុង១គីឡូក្រាម និងស្រូវ OM5451តម្លៃ៩៣០៛ ក្នុង១គីឡូក្រាម ។

ចំពោះតម្លៃស្រូវដឹកដល់រោងម៉ាស៊ីនស្រូវសម្រាប់ស្រូវសែនក្រអូប (SKO) តម្លៃ ១,៥០០៛ ក្នុង១គីឡូក្រាម ស្រូវស្រងែ តម្លៃ ១,២៦០៛ ក្នុង១គីឡូក្រាម និងស្រូវ OM5451 តម្លៃ ១,០០០៛ ក្នុង១គីឡូក្រាម ។

យោងតាមរបាយការណ៍មន្ទីរពាណិជ្ជកម្មបានអោយដឹងថា បើគេធ្វើការប្រៀបធៀបតម្លៃស្រូវក្នុងឆ្នាំ២០២៣ ចំពោះស្រូវសែនក្រអូប(SKO) តម្លៃ ១,១៦៧ – ១,៤០០៛ ក្នុង១គីឡូក្រាម ប្រភេទស្រូវស្រងែ តម្លៃ ១,១៤០ – ១,៣៥០៛ ក្នុង១គីឡូក្រាម ស្រូវ OM5451 តម្លៃ ១,០៥០ -១,៣០០៛ ក្នុង១គីឡូក្រាម។

លោក ហ៊ីន វុឌ្ឍី បានបញ្ជាក់អំពីមូលហេតុដែលស្រូវសែនក្រអូប និងស្រូវស្រងែពេលនេះឡើងថ្លៃ គឺដោយសារតែមានការបញ្ជាទិញពីទីផ្សារអន្តរជាតិក្នុងតម្រូវការច្រើន ដែលជាហេតុនាំអោយរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកប្រមូលទិញក្នុងតម្លៃខ្ពស់។ ចំពោះប្រភេទស្រូវ OM5451 វិញគឺភាគច្រើនទីផ្សារវៀតណាមជាអ្នកទិញ ដើម្បីយកទៅលក់បន្ត ដូច្នេះហើយរោងម៉ាស៊ីនក្នុងស្រុកទម្លាក់តម្លៃស្រូវប្រភេទនេះ ។ ការស្រាវជ្រាវតម្លៃស្រូវនេះ បានកើតឡើងបន្ទាប់ពីមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចុះទៅដល់ស្រុកបរវេល ដើម្បីត្រួតពិនិត្យតាមដានតម្លៃពីការប្រមូលផលស្រូវស្រាលឬគេហៅថាស្រូវបង្កើតរដូវ មានរយៈពេលខ្លី ពីរខែកន្លះ ទៅបីខែ ហើយសង្កេត ឃើញថាតម្លៃស្រូវសែនក្រអូប និងស្រូវស្រងែកំពុងឡើងថ្លៃ បើធៀប និងឆ្នាំ ២០២៣។ នេះបើតាមហ្វេសបុកផេកផ្លូវការរបស់ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានបង្ហោះកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ។

សូមបញ្ចាក់ថា ខណៈតម្លៃស្រូវសែនក្រអូប និងស្រូវស្រងែ កំពុងមានតម្លៃកើនឡើងជាងឆ្នាំ២០២៣ ផ្ទុយទៅវិញប្រភេទស្រូវOM5451 បែរជាមានការធ្លាក់តម្លៃចុះជាងឆ្នាំមុនបន្ដិចទៅវិញ៕

អត្ថបទ៖ ឈឿន ថៃកឿ វិទ្យុជាតិកម្ពុជាចំការចេក
ប្រភព៖ ក្រសួងព័ត៌មាន