កសិករខេត្តព្រៃវែង ទទួលទិន្នផលស្រូវ ៧.៥ តោន ក្នុង១ហិកតា គិតជាផលចំនេញចន្លោះពី៥លានរៀលទៅ៦លានរៀល
សេដ្ឋកិច្ច September 9, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវពូជ (OM 5451) នៅរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ដែលមានទីតាំងស្ថិតនៅភូមិក្រចាប ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងដំណើរពិនិត្យមើលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ពីការផលិតស្រូវពូជសាកល្បងរបស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ។ ជាក់ស្តែងបន្ទាប់ពីបានពិនិត្យមើលការប្រមូលផលស្រូវពូជ (OM 5451) ដោយកសិករទទួលបានទិន្នផល ៧,៥ តោន ក្នុង ១ហិកតា ហើយបើទូទាត់ការចំណាយរួចអាចសល់បានចន្លោះពី ៥លានរៀលទៅ ៦លានរៀលក្នុង ១ហិកតា។

បច្ចុប្បន្ននេះ តម្លៃស្រូវកសិករលក់នៅវាលស្រែនៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរអាចលក់បានតម្លៃ ៩៩០រៀល ក្នុង១គីឡូក្រាម និងលក់ឲ្យរោងម៉ាស៊ីនបានតម្លៃ ១,០៣០រៀល ទៅ១,០៥០រៀល ក្នុង១គីឡូក្រាម ទៅតាមគុណភាពស្រូវ។

ឥឡូវនេះ រោងម៉ាស៊ីនកិនស្រូវខាងលើកំពុងតែប្រមូលទិញស្រូវពីប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានក្នុងខេត្តព្រៃវែង មានប្រភេទស្រូវ (OM 5451) ហើយរោងម៉ាស៊ីនក៍បានបន្តជំរុញការដាំដុះស្រូវសែនក្រអូបឲ្យបានច្រើនផងដែរ ព្រោះកំពុងមានតម្រូវការទីផ្សារខ្លាំង៕

ប្រភព៖ ARDB, ផ្សាយដោយ៖ កន ចំណាន
ប្រភព៖ ក្រសួងព័ត៌មាន