ខេត្តត្បូងឃ្មុំ នឹងទទួលបានផ្លូវចំនួន៣ខ្សែនាពេលឆាប់ៗនេះ
សេដ្ឋកិច្ច September 5, 2024 Khmernote

ត្បូងឃ្មុំ ៖ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ៣ខ្សែ ដោយខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វារ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាលទ្ធផលសម្រេចបានប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់ នៅចុងខែកញ្ញា ឆ្នាំ២០២៤នេះ។

ផ្លូវខ្សែទី២ មានប្រវែង១២,៥០គីឡូម៉ែត្រ តភ្ជាប់ពីភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ទៅដល់ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាលទ្ធផលសម្រេចបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤ ។

ផ្លូវខ្សែទី៣ មានប្រវែង ១២,៣០០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិព្រះពន្លា ឃុំកណ្ដោលជ្រុំឆ្ពោះទៅភូមិពង្រ ឃុំនាងទើត ស្រុកពញាក្រែក ខេត្តត្បូងឃ្នុំ ក្នុងក្របខណ្ឌគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានធនាគារពិភពលោក ។ជាលទ្ធផលសម្រេចបានប្រមាណ ៣០% គ្រោងនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានោះ ឯកឧ្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានធ្វើការផ្ដាំផ្ញើដល់ក្រុមអ្នកបច្ចេកទេសប្រចាំការនៅការដ្ឋាន ត្រូវជម្រុញការស្ថាបានឱ្យបានទាន់ពេលាដែលបានកំណត់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមគំនូសប្លង់បច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូអង្វែង ព្រមទាំងសំណូមពរសុំឱ្យអាជ្ញធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលថ្មីនេះឱ្យបានល្អ ប្រើសប្រាស់បានយូរអង្វែងផងដែរ។

នាឱកាសអញ្ជើញចុះត្រួតពិនិត្យខ្សែផ្លូវទាំង ៣ខ្សែនេះផងដែ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន