យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) រវាងប្រទេសហ្វីលីពីននិងប្រទេសកម្ពុជា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំពោះសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) ដោយត្រូវផ្តោតលើអ្វីដែលប្រទេសទាំងពីរ អាចធ្វើបានជាមួយគ្នា ជាពិសេសជំរុញការធ្វើកសិពាណិជ្ជកម្ម ឱ្យចេញជារូបរាងពិតប្រាកដ ដែលមានភាពបុរេសកម្ម និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាស្វាគមន៍វិស័យឯកជន ដែលមានបំណងវិនិយោគលើវិស័យស្រូវអង្ករ ហើយកម្ពុជាមានកសិផលដែលមានគុណភាពល្អ ប្រណិត សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យភាគីហ្វីលីពីនសហការធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានបទពិសោធក្នុងការវេចខ្ចប់ និងមានបច្ចេកទេសក្នុងការនាំចេញស្រូវអង្ករទៅក្រៅប្រទេស ព្រមទាំងសិក្សាពីនីតិវិធីអនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់ និងស៊ីជម្រៅផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន