រយៈពេល០៨ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង ៣១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងចុងឃ្នៀស
សេដ្ឋកិច្ច September 2, 2024 Khmernote

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ៣១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ របស់ គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។

បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ គ្រឹះស្ថានអង្គរ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៦៥១ ៨៥៧នាក់ កើន ៣០.៧៦% និងទទួលបានចំណូល ៣០ ៣៣៤ ២២៩ដុល្លារអាមេរិក កើនឡើង ៣១.៣៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្នុងរយៈពេល ៨ខែ ឆ្នាំនេះ ប្រាសាទកោះកែរ ទទួលបានចំណូលចំនួន ១៩៧ ៦១០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចំនួន ១៣ ១៧៤នាក់ ខណៈចំណូលពីការលក់សំបុត្រទូក មានចំនួន ៥១៧ ៣០១ដុល្លារ។

ជាមួយគ្នានេះដែរ រយៈពេល៨ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១ ៣០៣ ៧១៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

ប្រភព៖ គ្រឹះស្ថានអង្គរ