ក្នុងរយៈពេល១ឆ្នាំ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០គម្រោង។
ជារួមក្នុងរយៈពេល ១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណ ៤.៦៧២លានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជ រដ្ឋាភិបាល នីតិកាលទី៦។ ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស៕



អត្ថបទ៖ លីនី


