គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ វិនិយោគិនក្នុងទីផ្សារមូលបត្រនៅកម្ពុជា មានជាង ៥ម៉ឺន និងមានគណនីជួញដូរសរុបចំនួន ៥៣,៧១២
សេដ្ឋកិច្ច August 30, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបញ្ជាក់ថា មកទល់បច្ចុប្បន្នមានភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA)ចំនួន០៧, ភ្នាក់ងារបញ្ចិកាមូលបត្រ ភ្នាក់ងារចុះបញ្ជី ភ្នាក់ងារផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ (RTP) ចំនួន០៣ និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ(Custodian)ចំនួន១។

ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយដល់ “អ្នកចូលរួមក្នុងទីផ្សារមូលបតប្រចាំឆ្នាំ២០២៤” នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ។

ឯកឧត្តម អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនបោះផ្សាយទាំងនោះ បានប្រមូលទុនពីទីផ្សារចំនួនប្រមាណ ៣៨៩ លានដុល្លារអាមេរិក និងតាមការសង្កេតលើលំហូរសាច់ប្រាក់ជួញដូរ មានសរុបជាង ៥០ លានដុល្លារអាមេរិក ព្រមទាំងទំហំជួញដូរមានសរុបប្រហែល ៣២ លានភាគហ៊ុន ក្រោមការជួញដូរជាមធ្យមប្រចាំថ្ងៃប្រហែល ១៣០,០០០ ភាគហ៊ុន ដែលមានតម្លៃប្រហែល ០.២ លានដុល្លារអាមេរិក។

តាមអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី០២ ឆ្នាំ២០២៤ វិនិយោគិននៅក្នុងទីផ្សារមានចំនួនសរុប៥១,៧៧១ និងមានគណនីជួញដូរសរុបចំនួន ៥៣,៧១២។

ឯកឧត្តម ស៊ូ សុជាតិ បានបញ្ជាក់បន្ថែមថា និយ័តករមូលបត្រកម្ពុជា អាចវិភាគបានថា ទីផ្សារមូលបត្រកំពុងដំណើរការយ៉ាងរលូន និងការចូលរួមអភិវឌ្ឍយ៉ាងពេញទំហឹងពីសំណាក់សមាជិក និងអ្នកចូលរួមក្នុងទីផ្សារ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមប្រតិភូ បានលើកទឹកចិត្តដល់នាយកដ្ឋានជំនាញ រៀបចំសិក្ខាសាលាជាប្រចាំឆ្នាំដល់អ្នកចូលរួមក្នុងទីផ្សារ នៅឆ្នាំក្រោយៗទៀត នឹងដាក់ចេញនូវគម្រោងថ្មីៗ រួមមាន ផ្តល់ជាបណ្ណសរសើរដល់ភ្នាក់ងារល្អជាងគេ ដែលមានដំណើរការប្រតិបត្តិការអាជីវកម្ម និងការអនុវត្តកាតព្វកិច្ចល្អ, រៀបចំឱ្យមានវេទិកាពិភាក្សាចែករំលែករបស់ភ្នាក់ងារល្អជាងគេ និងពិនិត្យលទ្ធភាពអញ្ជើញអ្នកជំនាញអន្តរជាតិក្នុងការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងភ្នាក់ងារទាំងអស់៕

ប្រភព៖ ក្រសួងព័ត៌មាន