យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមក្នុងបរិបទនៃការវិវត្តអន្តរជាតិដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយក៏កម្ពុជា បាននិងកំពុងបន្តដំណើរក្នុងគន្លងមួយប្រកបដោយភាពវិជ្ជមាន និងសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែសីហានេះ បានបញ្ជាក់ថា ក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលសម្រេចបានកំណើន ៥%ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថានឹងកើនដល់ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤នេះ។
ចំណែកឯគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់ រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។ សម្តេចធិបតី សង្កត់ធ្ងន់ថាសមិទ្ធផល ទាំងនេះសបញ្ជាក់ថា រាជរដ្ឋាភិបាលដើរលើគន្លងដ៏វិជ្ជមាន។
ឆ្លៀតនាឱកាសនោះ សម្តេចធិបតី និងគណៈរដ្ឋមន្ត្រីទាំងមូល បានថ្លែងសាទរចំពោះសមិទ្ធផលធំធេងដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រេចបានក្នុងរយៈពេលមួយឆ្នាំដំបូង ជាពិសេសកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការ គន្លឹះ៥ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕



ប្រភព៖ ក្រសួងព័ត៌មាន


