ដំណឹងល្អសម្រាប់យុវជន! វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង​ នឹងផ្តល់ការសិក្សាជំនាញវិជ្ជាជីវៈចំនួន ៥៤០កន្លែង
សេដ្ឋកិច្ច August 23, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ ​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សា ព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញ​វគ្គខ្លីចំនួន ៥៤០កន្លែងសម្រាប់វគ្គសិក្សាថ្មីចូលរៀនក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។

ជំនាញដែលវិទ្យាស្ថានផ្ដល់ជូនការសិក្សារួមមាន ការដំឡើងបណ្ដាញ​អគ្គិសនីក្នុងអគារ ១៥០កន្លែង, ការរចនាក្រាហ្វិចដោយកុំព្យូទ័រ ១២០កន្លែង, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ១៥០កន្លែង, សេវាកម្មកុំព្យូទ័រ ៣០កន្លែង, ការថែទាំ និងជួសជុលរថយន្ត ៦០​កន្លែង, សេវាកម្មសម្អាងកាយ ៣០កន្លែង។

ជំនាញនីមួយៗមាន​វេនសិក្សា៖ វេនព្រឹក-ថ្ងៃ វេនព្រឹក វេនថ្ងៃ វេនយប់ និងវេនសៅរ៍-អាទិត្យ ដោយការសិក្សាមានរយៈពេល ៤ខែ ,៦ខែ និង ៨ខែទៅតាមវេនដែលបានកំណត់។

លក្ខខណ្ឌចុះឈ្មោះ ជាបេក្ខជនដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ជាយុវជន យុវនារីដែលបានបោះបង់ការសិក្សាដោយកត្តា​ជីវភាពផ្សេងៗ យុវជនគ្រប់រូបដែលមិនមែនជានិស្សិតកំពុងសិក្សានៅគ្រឹះស្ថានសិក្សាទទួលបានការសិក្សា ជាយុវជនដែល​មកពី​គ្រួសារមានបណ្ណក្រីក្រ១ ​និង២ និងគ្រួសារដែលមានបណ្ណសម្គាល់ជនងាយរងហានិភ័យ ទទួលបានការសិក្សាដោយមិនគិតថ្លៃ និងបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺន​រៀលក្នុងមួយខែ។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ អាចចុះ​ឈ្មោះតាមរយៈ https://scholarship.tvet.gov.kh/home ឬអាចទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាន (ឃុំ/សង្កាត់) ដែលយុវជនរស់​នៅផ្ទាល់ ឬអាចទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្ត​កំពង់ឆ្នាំង ដោយផ្ទាល់ដែលមានទីតាំងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត​កំពង់ឆ្នាំង។

ប្រភពដដែលបន្តថា សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០១២ ៤៧៤ ៣៤១ / ០១៦ ៨៩១ ៩៨៤ / ០១០ ៥៤៦ ១៧៧ / ០៩៧ ២៦៩ ៥៧១៣ ។ ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់​ថ្ងៃចូលរៀន។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤៕

ប្រភព៖ ក្រសួងព័ត៌មាន