យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើកលែងពន្ធដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជារហូតដល់ឆ្នាំ២០២៨។ ការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋន្រ្ដីបែបនេះ ក្នុងសេចក្តីថ្លែងការណ៍ពិសេសរបស់សម្ដេច ស្តីពី “សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” នាព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «វិស័យសំខាន់ដែល រាជរដ្ឋាភិបាលផ្តល់កាអន្តរាគមន៍ និងលើកទឹកចិត្តគឺវិស័យអប់រំ។ រាជរដ្ឋាភិបាលបានផ្តល់ទឹក ចិត្តផ្នែកពន្ធដាដល់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេស រហូតដល់ដំណាច់ឆ្នាំ២០២៨»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ការលើកទឹកចិត្តនេះនឹងផ្តល់លទ្ធភាពដល់គ្រឹះស្ថានសិក្សាក្នុងការពង្រឹងគុណភាពគ្រឹះស្ថានសិក្សាខ្លួន ដើម្បីចូលរួមលើកកម្ពស់គុណភាពសិក្សាជាទូទៅ ។
សម្តេចធិបតិបានថ្លែងថា ក្រៅពីលើកទឹកចិត្តផ្នែកពន្ធដារាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្រនិងផ្តល់ការអនុគ្រោះដល់វិស័យដទៀតជាច្រើនផងដែរ ដែលពេលនេះមិនអាចរៀបរាប់អស់នៅថ្ងៃនេះនោះទេ។ ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ចំពោះការលើកទឹកចិត្តចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុវិញ ធនាគារជាតិនៃកម្ពុជាបានធ្វើការជជែកគ្នាជាមួយធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីស្វែងរកដំណោះស្រាយ និងរកវិធីសាស្ត្រជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ អាជីវករ ដើម្បីបង្កើតទឹកប្រាក់ចូលក្នុងទីផ្សារ។
សម្ដេចធិបតីបានបន្ដទៀតថា ជាលទ្ធផលនៅក្នុងទិសដៅធានាបាននូវសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងទីផ្សារនោះ រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជាបានធ្វើការបន្ធូរបន្ថយនូវលក្ខខ័ណ្ឌមួយចំនួន ដែលអាចបង្កើនលទ្ធភាពធ្វើឱ្យគ្រឹះស្ថានធានាគារ និងមីក្រូហិរញ្ញវត្ថុបញ្ចេញសាច់ប្រាក់ចូលក្នុងសេដ្ឋកិច្ចអាចបានជាង២ពាន់៣រយលានដុល្លារបន្ថែមទៀត។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា កាលពីវេទិការរវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជនលើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ ធានាគារជាតិបានសម្រេចកាត់បន្ថយ អត្រាប្រាក់បម្រុងកាតព្វកិច្ច ជារូបិយបណ្ណ របស់គ្រឹះស្ថានធានាគារ ពី៩% មក៧% រហូតដល់ដំណាច់ឆ្នាំ២០២៤។ ជាលទ្ធផលប្រព័ន្ធធានាគារ មានសាច់ប្រាក់បន្ថែមប្រមាណ១ពាន់លានដុល្លារអាម៉េរិកបានបញ្ចេញទៅក្នុងសេដ្ឋកិច្ច។
សម្តេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងទៀតថា ការធ្វើបែបនេះដើម្បីជួយសម្រួលនូវលំហូរ ផ្នែកសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជាបានសម្រេចអនុញ្ញាតឱ្យបន្តគោលការណ៍នេះ រហូតដល់ចុងឆ្នាំ២០២៥៕
(រូបតំណាង)
ប្រភព៖ ក្រសួងព័ត៌មាន


