ព្រឹត្ដិបត្រព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅថ្មីនេះ បានឱ្យដឹងថា ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក្នុងរយៈពេលប្រាំពីរខែ ឆ្នាំ២០២៤ សម្រេចបានប្រមាណជិត ៤៤លានដុល្លារ ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូល និងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
ប្រភពដដែលបន្តថា ក្នុងរយៈពេលប្រាំពីរខែអគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានចំនួន ១៧៦.៦៩ ប៊ីលានរៀល ស្មើនឹង ៤៣.៦៣ លានដុល្លារ ក្នុងនោះចំណូលដែលប្រមូល បានពីអនិវាសនជន ដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) មានចំនួន ៥៥.១០ ប៊ីលានរៀល ស្មើនឹង ១៣.៦១ លានដុល្លារ និងចំណូលប្រមូលបានពីនិវាសនជន តាមវិធីសាស្ត្រគិតអាករជំនួស (VAT Reverse Charge) មានចំនួន ១២១,៥៩ ប៊ីលានរៀល ស្មើនឹង ៣០.០២ លានដុល្លារ។
សូមជម្រាបថាអគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច ត្រូនិក (e-Commerce) ចាប់ពីខែមេសា ឆ្នាំ២០២២ ហើយគិតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗបានមកចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញនៅអគ្គនាយកដ្ឋានពន្ធដារ ដែលមានជាអាទិ៍ META, GOOGLE, YOUTUBE, TIK TOK, NETFLIX ជាដើម។
វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធ អេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីមួយដ៏មានសក្តានុពលសម្រាប់ពិភពលោកទាំងមូលនៅ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាការទិញ-លក់ទំនិញ និងសេវាកម្មនៅក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះកើនឡើងគួរកត់សម្គាល់៕

ប្រភព៖ ក្រសួងព័ត៌មាន


