ចាប់ពីពេលនេះទៅ ទេសចរអន្តរជាតិ អាចទូទាត់ទំនិញ និងសេវាកម្ម តាមវិធីទូទាត់បាគងទេសចរ “Bakong Tourist App”
សេដ្ឋកិច្ច August 20, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការបឋមនូវ កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។

ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយស ដែលជាតំណាងមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដូចជាក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភាគីពាក់ព័ន្ធក្នុងវិស័យឯកជនសរុបប្រមាណ ១៥០ នាក់។

តាមសេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរនេះ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្ដល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិក ដែលអាចឱ្យទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជាធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាកម្ម ប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។

ដើម្បីទទួលបាននូវសេវានេះ ទេសចរអន្តរជាតិគ្រាន់តែទាញយកកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ហើយដំឡើងកម្មវិធីនេះនៅក្នុងទូរសព្ទ នៅពេលមកដល់ប្រទេសកម្ពុជា រួចហើយចុះឈ្មោះបង្កើតគណនីបាគងទេសចរតាមអនឡាញដោយប្រើប្រាស់អ៊ីមែល។ បន្ទាប់មក ទេសចរ អន្តរជាតិអាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីតាមរយៈអង្គភាពអាជីវកម្មជាដៃគូ និងអាចធ្វើប្រតិបត្តិការ ទូទាត់តាមរយៈការស្តេន KHQR Code ជាមួយពាណិជ្ជករទូទាត់រាយប្រមាណ ៣,៣ លានទីតាំង នៅទូទាំងប្រទេសកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន