គណៈប្រតិភូខេត្ត ហ៊ូប៉ី ប្រទេសចិនសន្យានឹងនាំយកសក្តានុពលរបស់ខេត្តកំពត ទៅផ្សព្វផ្សាយដល់អ្នកវិនិយោគ
សេដ្ឋកិច្ច August 17, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈប្រតិភូខេត្ត ហ៊ូប៉ី នៃប្រទេសចិន ដឹកនាំដោយលោកស្រី Wang Hongling (វ៉ាង ហុងលីង) បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍ និងសក្តានុពលរបស់ខេត្តកំពត ដែលខេត្តនេះពោពេញទៅដោយតំបន់ទេសចរណ៍ធម្មជាតិ ធនធានផ្សេងៗដែលអំណោយផលដល់ការវិនិយោគលើវិស័យផ្សេងៗ។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងខេត្តហ៊ូប៉ី និងខេត្តកំពត លោកស្រី ប្រធានគណៈប្រតិភូបានសន្យាចំពោះអភិបាលខេត្តថា នឹងនាំយកនូវសក្តានុពលរបស់ខេត្តកំពត ទៅផ្សព្វផ្សាយដល់អ្នកវិនិយោគក្នុងប្រទេសចិន ក្នុងគោលបំណងឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគរវាងខេត្តទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្រោមម្លប់នៃសុខសន្តិភាព។ និយាយដោយឡែក ខេត្តកំពត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ ពិសេសវិស័យទេសចរណ៍ ដែលក្នុងមួយសប្តាហ៍មានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងរង្វង់ជាង ៥ម៉ឺននាក់។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ខេត្តកំពត គឺជាខេត្តមួយដែលមានសក្តានុពលសំបូរបែបរួមមាន ធនធានធម្មជាតិ: ដីស្រែ ឆ្នេរសមុទ្រ ស្ទឹង ព្រែក កោះ ឧទ្យានជាតិ ព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ធនធានជលផល រ៉ែ និងអាគារបេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍពហុវិស័យដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យគណៈប្រតិភូខេត្ត ហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ជួយផ្សព្វផ្សាយនូវសក្តានុពលដែលមានក្នុងខេត្តកំពតទាំងអស់ ទៅកាន់អ្នកវិនិយោគ ឱ្យមកវិនិយោគក្នុងខេត្តកំពតឱ្យបានកាន់តែច្រើន ក្នុងន័យជួយអភិវឌ្ឍន៍ខេត្តជាប់និងឆ្នេរសមុទ្រនៃប្រទេសកម្ពុជាមួយនេះឱ្យមានការរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះដែរ ក្រោយពីបានពិភាក្សា និងធ្វើបទបង្ហាញដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតរួចមក លោកស្រី ប្រធានគណៈប្រតិភូខេត្ត ហ៊ូប៉ី បានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងខេត្ត ហ៊ូប៉ី និងខេត្តកំពត នាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើ ពិសេសការអភិវឌ្ឍខេត្តធ្វើឱ្យមានភាពទាក់ទាញ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
ប្រភព៖ ក្រសួងព័ត៌មាន