១១ខែក្រោយការបង្កើតរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ២៣៧ជាមួយទុនវិនិយោគ ៦.០០០លានដុល្លារ
សេដ្ឋកិច្ច August 17, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពី​​រាជរដ្ឋាភិបាល​ថ្មីនីតិកាលទី៧​នៃរដ្ឋសភា ប្រសូតចេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុប​ចំនួន ២៣៧​គម្រោង ជាមួយទុនវិនិយោគ​ប្រមាណ​ជាង​៦.០០០​​លា​ន​ដុល្លា​រ​អាមេរិក ក្នុង​នោះវិនិយោ​គិន​ចិ​ន​​​បានរួម​ចំណែក​​ច្រើនជាង​គេ ​។

បើតាម ឯកឧត្តម ​ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បញ្ជាក់កាលពីថ្ងៃទី១៤ ខែសីហា​កន្លងទៅថ្មីៗនេះថា​ កត្តា​សុខសន្តិភាព​ ស្ថិរភាព នយោបាយ និង​កំណើន​សេដ្ឋកិច្ចរបស់​កម្ពុជា​ ធ្វើឱ្យ​វិនិយោគិន​ក្នុង និងក្រៅ​ប្រទេស​ជឿជាក់​លើ​ការដឹកនាំរបស់រាជរដ្ឋាភិបាល​កម្ពុជា និង​បា​ន​បោះ​ទុ​ន​វិ​និ​​យោ​គជា​បន្តបន្ទាប់​។ រយៈ​ពេល​១១ខែ​ក្រោយការ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​ដឹកនាំដោយសម្ដេច​មហា​ប​វ​រ​​ធិ​បតី ហ៊ុន ម៉ាណែត ​​កម្ពុជាទទួលបានទុនវិនិយោគ​ជាង​៦.០០០​​លានដុល្លារ​ បើធៀបនឹង​១១ខែមុន​នេះ មាន​ការ​កើន​ឡើងរហូតដល់​២២០ភាគរយ ។​

ឯកឧត្តម​​បន្តថា រាជរដ្ឋាភិបាល​ក៏បានខិតខំទាក់ទាញ​វិនិយោគិនពី​បរទេស​ឱ្យចូលមក​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​បន្ថែម ទន្ទឹមនឹង​នោះដែរ​ រាជ​រដ្ឋា​ភិបាលក៏​បាន​សាង​សង់​​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បីទាក់ទាញ​វិនិយោគិន​បរទេស ដូចជា​សាងសង់​ស្ពាន​ឆ្លងទន្លេ​ ទាំង​នៅភ្នំពេញ​និងបណ្ដាខេត្ត សាង​​សង់​ព្រែកជីកហ្វូណនតេជោ​ ដែលទើប​បើក​ការដ្ឋាន​កាល​ពី​ពេល​ថ្មីៗ​នេះជាដើម ។​

ឯកឧត្ត​មឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែមឱ្យដឹងថា ​នៅខែក្រោយនេះ ឯកឧត្តម​នឹង​ដឹក​នាំប្រតិភូ​កម្ពុជា​ដែលមានមន្ត្រី​រាជរដ្ឋាភិបាល​ និ​ងវិនិយោគិនកម្ពុជា​ទៅបំពេញទស្សនកិច្ច​នៅ​ប្រទេស​ចិន សហ​រដ្ឋ​អាមេរិក​ ប្រទេស​ក្នុងតំបន់​មជ្ឈិម​បូព៌ា​ និងបណ្ដា​ប្រទេស​តំបន់អឺរ៉ុប​ ដើម្បីទាក់ទាញ​វិនិយោគិន​នៅបណ្ដា​ប្រទេស​ទាំង​នោះចូល​មក​ក​ម្ពុជា​​​ស្វែ​ងរក​ដៃគូក្នុងស្រុក​បណ្ដា​ក់​ទុនវិនិយោគរួម​គ្នា ។

យោងតាម​របាយការណ៍របស់​ក្រុ​ម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពីពេលថ្មីៗបានបង្ហាញថា ក្នុង​រយៈ​ពេល៧ខែ​នៃឆ្នាំ ២០២៤​នេះ​កម្ពុជា​ទទួលបានទុនវិនិយោគប្រមាណ ៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក ពីគម្រោង​ចំនួន​ ២៣៤​​​​គម្រោង​ទាំង​ក្រុមហ៊ុន​វិនិយោគថ្មី និងក្រុមហ៊ុន​ពង្រីក​ផលិត​កម្មវិនិយោគ​នៅក្នុងប្រទេស​កម្ពុជា​ ។​

របាយការណ៍​ដដែលបង្ហាញថា គម្រោង​ភាគច្រើន​ដែល​ត្រូវ​បាន​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​អនុម័ត​​កន្លងមក​នេះ​គឺគម្រោង​ក្នុងវិស័យ​ឧស្សា​ហកម្ម​រោងចក្រ​ និងមាន​ទី​តាំ​ង​​​នៅ​តាមបណ្ដាខេត្ត​នៅជាប់រាជធានីភ្នំពេញ ​និង​តាមព្រំដែន​កម្ពុជា ៕