មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ប្រភពទុនវិនិយោគពីសិង្ហបុរីនៅកម្ពុជា មានសរុបប្រមាណ៤០០លានដុល្លារអាម៉េរិក
សេដ្ឋកិច្ច August 16, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។
ក្នុងពិធីបើកកម្មវិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅផ្សារទំនើបអូឡាំព្យា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា យោងតាមទិន្នន័យ ដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រភពទុនវិនិយោគពីសិង្ហបុរី ស្ថិតក្នុងចំណោមប្រភពទុនវិនិយោគផ្ទាល់ពីបរទេសឈានមុខទាំង១០ ដោយបានបណ្តាក់ទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ។ ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។

ឯកឧត្តម បានបន្ថែមថា វត្តមាននៃក្រុមហ៊ុនធំៗ ដូចជា Keppel Infrastructure និង Changi Airport International ក៏ដូចជាម៉ាកល្បីៗ ដូចជា Charles & Keith, Ya Kun និង 800 super បានបង្ហាញថា ការវិនិយោតរបស់សិង្ហបុរី ពិតជាបានជំរុញការអភិវឌ្ឍរបស់កម្ពុជា។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ គូសរំលេចនូវចំណុចគន្លឹះមួយចំនួន ដែលបានទាក់ទាញវិនិយោគិនសិង្ហបុរីមកបោះទីតាំងនៅកម្ពុជា ដូចជា កត្តាមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា, កម្លាំងពលកម្មវ័យក្មេងនិងមានជំនាញ, ទីតាំងយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ និងតំបន់អាស៊ីអាគ្នេយ៍, កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ជាមួយទីផ្សារធំៗ។ ជាមួយគ្នានោះ កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៦កន្លែង ដែលកំពុងដំណើរ ដោយបានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ២៨ប៊ីលាន ដុល្លារអាម៉េរិក និងបង្កើតការងារបានជាង ១៨០ពាន់កន្លែងផងដែរ៕