យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៦៥ ០០០នាក់ ខណៈមានភ្ញៀវទេសចរជាតិប្រមាណ ៣៦១ ២០០នាក់។
តាមរយៈផេកផ្លូវការ ក្រសួងបានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៧ ៣៥៥បណ្ណ កើនឡើង ៣,៧% និងទទួលបានចំណូលសរុប ៨១៤ ៧៧៥$ កើនឡើង ៥,៩%។
គួរបញ្ជាក់ផងដែរថា ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៧៤ ជើងហោះហើរក្នុងនោះ៖
– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៥៦ ជើងហោះហើរ
– អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០៣ ជើងហោះហើរ
– អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានចំនួន ១៥ ជើងហោះហើរផងដែរ៕





ប្រភព៖ a href=”https://fb.watch/tYcGGMaUGp/” rel=”noopener” target=”_blank”>ក្រសួងទេសចរណ៍


