ក្រុមហ៊ុនកំពង់ផែអន្តរជាតិ ចាប់អារម្មណ៍ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ កំពង់ផែ និងភស្ដុភារកម្មនៅកម្ពុជា
សេដ្ឋកិច្ច August 14, 2024 Khmernote

យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Capt Sandeep Mehta នាយកប្រតិបត្តិ កំពង់ផែអន្តរជាតិ នៃក្រុមហ៊ុន Adani Ports and Special Economic Zone Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤នេះ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់គណៈប្រតិភូអំពីផែនការអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងភស្ដុភារកម្ម ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនស្រាប់។

ក្រៅអំពីផែនការអភិវឌ្ឍន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលផ្ដល់ភាពបើកចំហរជូនចំពោះវិនិយោគិន មានការគាំទ្រពីរាជរដ្ឋាភិបាលនិងមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការជួយសម្របសម្រួលកិច្ចការងារវិនិយោគ ពិសេសកម្ពុជាជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ផ្ដល់លទ្ធភាពខ្ពស់ដល់ជោគជ័យភាពរបស់ធុរកិច្ចឯកជន។

លោក Capt Sandeep Mehta បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនអំពីផែនការអភិវឌ្ឍន៍វិនិយោគនៅកម្ពុជា ដោយក្នុងនោះលោកក៏បានបន្តស្នើសុំកិច្ចសម្របសម្រួលបន្ថែមទៀតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចក្រុមហ៊ុនបានសិក្សាលម្អិត និងធ្វើការវាយតម្លៃលើកាលានុវត្តភាព និងសក្ដានុពលដែលកម្ពុជាអាចផ្ដល់ជូនបានសម្រាប់ការវិនិយោគ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ កំពង់ផែ និងភស្ដុភារកម្ម៕

ប្រភព៖ ក្រសួងព័ត៌មាន