ល្អមែនទែន! ក្រុមហ៊ុនចិនធំមួយ ស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ នៅកម្ពុជា នាំចេញទៅប្រទេសចិន និងប្រទេសធំៗ ៤ទៀត
សេដ្ឋកិច្ច August 14, 2024 Khmernote

ក្រុមហ៊ុនចិនធំមួយ ស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ នៅកម្ពុជា នាំចេញទៅប្រទេសចិន និងប្រទេសធំៗចំនួន ៤ទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ។

បើតាមការបញ្ជាក់របស់ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកខុត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុន DOMI Biotechnology Co., Ltd. ដឹកនាំដោយលោក WAN YANHU ប្រធានក្រុមហ៊ុន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្រុមហ៊ុនក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគ នៅកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានធ្វើការអធិប្បាយដោយសង្ខេបអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេស ផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលមានគណៈ កម្មាធិការវិនិយោគកម្ពុជា ជាសេនាធិការ។ បច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាព អំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា ឯកឧត្តមអគ្គលេខាធិការក៏បាន ជម្រាបជូនគណៈប្រតិភូអំពីកំណើនខ្ពស់នៃរំហូរវិនិយោគចិនមកកម្ពុជា ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ ចុងក្រោយ ហើយក្នុងរយៈពេលប្រមាណជិត ៨ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៣% នៃប្រភពទុនវិនិយោគសរុប។

នៅក្នុងឱកាសនៃកិច្ចប្រជុំ លោក WAN YANHU ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូក្រុមហ៊ុនព្រមទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនពិនិត្យ និងសម្រេចបណ្តាក់ទុន វិនិយោគ។ ក្រុមហ៊ុន DOMI Biotechnology Co., Ltd. ជាក្រុមហ៊ុនចិនវិនិយោគកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង និងទុរេន ដែលមានទីតាំងវិនិយោគនៅប្រទេសថៃ។ ភាគច្រើននៃផលិតផលរបស់ក្រុមហ៊ុន ត្រូវបាន នាំចេញទៅប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី មជ្ឈិមបូព៌ា និងអ៊ីតាលី។ គោលបំណងនៃដំណើរទស្សនកិច្ច នៅកម្ពុជានៅពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង ដូច នៅប្រទេសថៃដែរ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនខិតខំធ្វើការកែច្នៃឱ្យអស់ លទ្ធភាព នៅពេលបើកដំណើរការរោងចក្រ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លៃបន្ថែមក្នុងស្រុក។ ថ្នាក់ ដឹកនាំ និងមន្ត្រីទាំងអស់របស់គណៈកម្មាធិការវិនិយោគកម្ពុជា រង់ចាំដោយក្តីរីករាយក្នុងផ្តល់កិច្ចសម្រួលគ្រប់ បែបយ៉ាងជូនក្រុមហ៊ុននៅពេលក្រុមហ៊ុនសម្រេចចិត្តវិនិយោគនៅកម្ពុជា៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា