យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល ៧ខែ ក្នុងឆ្នាំ២០២៤ នេះ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូសំខាន់ៗរបស់កម្ពុជាចំនួន ២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៣១ពាន់លានដុល្លារអាមេរិក កើនឡើង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះបើគិតរយៈពេល ៧ខែនេះ សម្រាប់ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានកំណើនកើនឡើងជាបន្តបន្ទាប់គួរកត់សម្គាល់។ នេះបើយោងតាមស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ចំពោះការនាំចេញទំនិញរបស់កម្ពុជា ក្នុងរយៈពេលនេះដែរ មានទំហំទឹកជាង ១៤ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៤ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នំា២០២៣ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ សហរដ្ឋអាមេរិក ជាង ៥ ៥០០ លានដុល្លារ, វៀតណាម ជាង ២ ២០០ លានដុល្លារ, ប្រទេសចិនជិត ១ ០០០ លានដុល្លារ, ថៃជិត ៥០០ លានដុល្លារ, ជប៉ុន ជាង ៧៦៤ លានដុល្លារ, អាល្លឺម៉ង់ ជាង ៥១៦ លានដុល្លារ, អេស្ប៉ាញ ៥៦០ លានដុល្លារ, កាណាដា ៦០៥ លានដុល្លារ, អង់គ្លេស ៥៣០ លានដុល្លារ, ហូឡង់ ៤២៧ លានដុល្លារ, បានរាំង ២២៩ លានដុល្លារ, កូរ៉េខាងត្បូង ១៨៧ លានដុល្លារ និងការនាំចេញ ទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។
ចំណែកការនាំចូលវិញ នៅក្នុងរយៈពេល ៧ខែនេះដែរ កម្ពុជាបាននាំចូលទំនិញមានទំហំទឹកប្រាក់សរុបប្រមាណជាង ១៦ ពាន់លាន ដុល្លារ កើនឡើងជិត ១៦ ភាគរយ ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជិត ៧ ៧០០ លានដុល្លារ, វៀតណាមជាង ២ ៤០០ លានដុល្លារ, ថៃ ជាង ២ ០០០ លានដុល្លារ, សឹង្ហបុរី ៥១១ លានដុល្លារ, ឥណ្ឌូនស៊ី ៦០០ លានដុល្លារ, តៃវ៉ាន់ ៤០៥ លានដុល្លារ, កូរ៉េខាងត្បូង ២៩១ លានដុល្លារ, ម៉ាឡេស៊ី ៤៦០ លានដុល្លារ, ហុងកុង ២៣១ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសជាច្រើនទៀតផងដែរ។
យោងតាមការបញ្ជាក់ពី ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធឺណិតក្រសួងព័ត៌មាននារសៀលថ្ងៃទី១២ ខែសីហានេះថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កំពុងជំរុញកំណើនពាណិជ្ជកម្មនេះ។
ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា៖ «ជាមួយនឹងសម្បទានពន្ធដែលផ្តល់ដោយ RCEP និង CCFTA ការនាំចេញរបស់យើងនឹងបន្តកើនឡើងក្នុងប៉ុន្មានខែ និងឆ្នាំខាងមុខ» ។
RCEP មានប្រទេសចំនួន ១៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ហើយដៃគូពាណិជ្ជកម្មចំនួន ៥ របស់ពួកគេរួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់៕



ប្រភព៖ ក្រសួងព័ត៌មាន


