យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «សហគមន៍កសិកម្មទំនើប» មួយទៀត នឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗនេះនៅក្នុងស្រុកមេមត់ បន្ទាប់ពីបានធ្វើការជាមួយគ្នាអស់រយៈពេលជិត២ខែ និងបានរៀបចំមហាសន្និបាតកំណើតដំបូងជាផ្លូវការរបស់ខ្លួនប្រកបដោយជោគជ័យរួចមក។
តាមការបញ្ជាក់នៅលើផេកការពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ «សហគមន៍កសិកម្មទំនើប» ថ្មីមួយទៀតនេះ មានឈ្មោះថា «សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ» ដែលមានសមាជិក ៤២គ្រួសារ មានទីតាំងនៅ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងមានផ្ទៃដីផលិតកម្ម ៦៧ហិកតា ប្រហាក់ប្រហែល១០មុឺនជន្លង់ មានសមត្ថភាពផលិតម្រេច ២៥០តោន-៣០០តោន/ឆ្នាំ។
«សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ» មានក្រុមប្រឹក្សាភិបាល ៧រូប គណៈកម្មាធិការត្រួតពិនិត្យ ៥រូប ផងដែរ។ ទន្ទឹមនឹងជោគជ័យថ្មីមួយទៀតនេះ ឯកឧត្តម ឃឹម ហ្វីណង់ សង្ឃឹមថា នឹងអាចដាក់ដំណើរការសហគមន៍នេះនៅក្នុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីផែនការអាជីវកម្មរបស់សហគមន៍ត្រូវបានបញ្ចប់រួចរាល់។ ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏បានតភ្ជាប់ទីផ្សារជាមួយក្រុមហ៊ុនអន្តរជាតិចំនួន៣ ដែលនឹងនៅរង់ចាំទិញម្រេចផ្ទាល់ពីសហគមន៍រួចជាស្រេចហើយ រួមមាន៖ ក្រុមហ៊ុន Fuchs, ក្រុមហ៊ុន OLAM និងក្រុមហ៊ុន Sela Pepper៕








អត្ថបទ៖ លីនី
ប្រភព៖ ផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


