សាកលវិទ្យាល័យអាយុជាង ១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត
សេដ្ឋកិច្ច August 8, 2024 Khmernote

សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង ១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាល​នៅក្នុង​ប្រទេសកម្ពុជា។ ពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីមួយរបស់ចក្រភពអង់គ្លេស ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែ​សីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាផងដែរ។

ក្នុងពិធីដាក់ឱ្យដំណើរការ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា វត្តមានរបស់សាកលវិទ្យាល័យនេះ បានបង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ ព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាព របស់និស្សិតខ្មែរថា អាចចូលរៀនបាន, ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារ អប់រំកម្រិតអន្តរជាតិ។

សូមជម្រាបផងដែរថា សាកលវិទ្យាល័យ ឌឹ ម៉ុងហ្វត ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) គឺជាសាកលវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧០ និងមានប្រវត្តិនៃការបង្រៀនជាង ១៥០ ឆ្នាំ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងក្រៅប្រទេស មានកម្រិតស្តង់ដារអន្តរជាតិ ដោយមានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា) ។ សាកលវិទ្យាល័យ មានបុគ្គលិក និងនិស្សិតមកពីជាង ១៤០ ប្រទេស និងមានកិច្ចព្រមព្រៀងសហការដៃគូ (Progression and Articulation Agreements) ជាមួយនឹងស្ថាប័នជាង ១០០ នៅទូទាំងពិភពលោក៕

អត្ថបទ៖ លីនី