ក្នុងមួយខែកក្កដា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤៤ ដែលមានទុនសរុបជាង ៣៩៦លានដុល្លារអាម៉េរិក
សេដ្ឋកិច្ច August 8, 2024 Khmernote

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី ១ ដោយបានរួមចំណែក ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ប្រមាណ ១៤,២៤% នៃទុនវិនិយោគសរុប ចំណែកខេមែន អាយលែន ១២,៣៥% សិង្ហបុរី ២,៦៩% វៀតណាម ១,៣៥% និងហ្វីលីពីន ១,៣០%៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា