រដ្ឋមន្ត្រីការពារជាតិជប៉ុន៖ វិស័យឯកជនជប៉ុនមានបំណងចូលរួមវិនិយោគ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ហើយជប៉ុននឹងជួយកម្ពុជាលើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗផងដែរ
សេដ្ឋកិច្ច August 6, 2024 Khmernote

លោក គីហារ៉ា មីណូរឹ រដ្ឋមន្ត្រីការពារជាតិប្រទេសជប៉ុន បានជម្រាបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថា វិស័យឯកជនរបស់ជប៉ុនមានបំណងចង់ចូលរួមវិនិយោគដល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ហើយនៅក្នុងគំនិតឯកឧត្តម ជប៉ុននឹងមិនគិតត្រឹមតែចូលរួមសហការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោនេះប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយកម្ពុជាលើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗបន្ថែមទៀត ដោយសារប្រទេសជប៉ុន មានបទពិសោធន៍ច្រើនក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនេះ។

លោករដ្ឋមន្ត្រីការពារជាតិជប៉ុន លើកឡើងដូច្នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៥ ខែសីហា នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្តេចតេជោ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោក គីហារ៉ា មីណូរឹ មកកាន់កម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីនាឱកាសនេះ គឺស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា មានប្រវែង១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេទៅសមុទ្រ ហើយនិងចំថ្ងៃខួបកំណើតរបស់សម្តេចផងដែរ។

ពាក់ព័ន្ធនឹងការសាងសង់ព្រែកជីកហ្វូណនតេជោ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាត្រូវម្ចាស់ការលើខ្លួនឯង ដោយ​មិនអង្គុយរង់ចាំជំនួយនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ បានស្វាគមន៍ការចូលរួមវិនិយោគ និងសហការពីរាល់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោនេះ ដែលជាកិច្ចសហការចម្រុះ មិនមានការផ្តាច់មុខនោះទេ។

សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា ព្រែកជីកហ្វូណនតេជោនេះ នឹងក្លាយជាផ្លូវទឹកចម្បងដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញតាមទន្លេពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ទៅកាន់សមុទ្រ ជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា​។ ព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមចំណែកដល់ការពង្រឹងតួនាទីរបស់កំពង់ផែស្វយ័ត្ខេត្តព្រះសីហនុ ដែលកំពុងត្រូវបានពង្រីកជាមួយនឹងជំនួយហិរញ្ញប្បទានរបស់ជប៉ុន។

ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដល់វិស័យឯកជនរបស់ជប៉ុន ដែលមានបំណងចង់ចូលរួមវិនិយោគដល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងអំណរគុណសម្តេចតេជោ សាជាថ្មី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូរបស់ឯកឧត្តម ចូលជួបសម្តែងការគួរសម និងបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយខ្លឹមសារ និងទុកចិត្តគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានបញ្ជាក់ថា ជប៉ុន និងកម្ពុជា មានទំនាក់ទំនងមិត្តភាព និងជឿទុកចិត្តគ្នាទៅវិញទៅមកអស់រយៈពេលយូរណាស់មក។ ឯកឧត្តមជឿជាក់ថា ទំនាក់ទំនងនេះនឹងកាន់តែរីកចម្រើន ជិតស្និទ្ធ និងស៊ីជម្រៅ ដែលផ្តល់ជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទ៖ លីនី