យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានសមាគមស្វាយចន្ទីកម្ពុជា អួន ស៊ីឡូត បានបង្ហាញពីទិសដៅចង់កាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅឱ្យបាន ៧០ភាគរយក្នុងរយៈពេលប្រាំឆ្នាំខាងមុខ និងងាកមកជំរុញការកែច្នៃក្នុងស្រុក និងពង្រីកការលក់ផលិតផលគ្រាប់ស្វាយចន្ទីក្នុងស្រុកឱ្យបានទូលាយ។

លោក អួន ស៊ីឡុត បានបន្ថែមថា បច្ចុប្បន្នការនាំចេញគ្រាប់សា្វយចន្ទីឆៅទៅប្រទេសវៀតណាមក្នុងរយៈពេល ៦ ខែនៅតែមានចំនួនច្រើនដដែល ពោលគឺប្រមាណជាង ៩០ភាគរយនៃទិន្នផលគ្រាប់ស្វាយចន្ទីសរុប។
«យើងនៅតែមានផែនការអនុវត្តដើម្បីកាត់បន្ថយការនាំចេញគ្រាប់ឆៅនេះ។ ប៉ុន្តែទាល់តែគ្រប់ភាគីពាក់ព័ន្ធចូលរួម ព្រោះបញ្ហានេះធំណាស់ ។ បើសិនយើងអាចធ្វើបាន គឺការទាក់ទាញវិនិយោគិន ឬក៏មានការកែឆ្នៃ ដែលមកទល់ពេលនេះយើងមាន៤៦ រោងចក្រ ដែលក្នុងនោះមាន ៦រោងចក្រជាធុនមធ្យម ដែលគាត់អាចផលិតបានចន្លោះពី ៧០០០តោន ទៅ ១៥ ០០០ តោននៃគ្រាប់ស្វាយចន្ទីឆៅ»។លោក អួន ស៊ីឡូត បញ្ជាក់បន្ថែម។
លោកប្រធានសមាគមបន្តថា៖ «បើសិនយើងអាចទាក់ទាញសិប្បកម្មធុនមធ្យមនេះឱ្យបាន ៣៥រោងចក្រ យើងនឹងអាចកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីរហូតដល់ទៅ ៧០ភាគរយ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ហើយរាជរដ្ឋាភិបាលក៏បានជួយផងដែរ ដែលមកទល់នឹងពេលនេះរដ្ឋាភិបាលបានជួយកាត់បន្ថយពន្ធចាំបាច់មួយចំនួនធំដើម្បីលើកស្ទួយវិស័យកសិកម្ម ក្នុងនោះមានគ្រាប់ស្វាយចន្ទីផងដែរ»។
តាមកំណត់ត្រារបស់សមាគម បង្ហាញថា នៅក្នុងឆ្នាំ២០២៤ នេះ ផ្ទៃដីដាំដុះស្វាយចន្ទីមានសរុប ៧០ម៉ឺនហិកតា ក្នុងនោះ ៥២ម៉ឺនហិកតាកំពុងប្រមូលផល ចំណែក ១៨ម៉ឺនហិកតាទៀត មិនទាន់អាចប្រមូលផលបាន (នៅដើមតូចៗ) នៅឡើយ។ ចំណែកសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីកាលពីឆ្នាំ២០២៣ មានចំនួន៤១ ហើយនៅក្នុងឆ្នាំ២០២៤នេះ បានកើនដល់ ៤៦សហគ្រាសដោយក្នុងនោះ ៣៨សហគ្រាសជាសមាជិកសមាគមស្វាយចន្ទីកម្ពុជា។
ដោយឡែកក្នុងរយៈពេលមួយឆមាសឆ្នាំនេះ កម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៨១ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមបានសរុបជាង ៧ សែន ៤ ម៉ឺនតោន ស្មើនឹង ៩១,៨ ភាគរយនៃគ្រាប់ស្វាយចន្ទីឆៅសរុបដែលត្រូវបានប្រមូលផល។
ក្នុងគោលបំណងជំរុញការគាំទ្រ និងចែកចាយផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យកាន់តែទូលំទូលាយ ក្រសួងពាណិជ្ជកម្ម បានប្រកាសព័ត៌មានស្តីពីការដាក់លក់ផលិតផលគ្រាប់ស្វាយចន្ទីដែលកែច្នៃពីសហគ្រាស និងក្រុមហ៊ុនចំនួន ១៤ និងតំណាងផ្សារទំនើប ម៉ាតចំនួន ១០ រួមមាន ៖ ផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារប៊ីកស៊ីខេមបូឌា តេលាម៉ាត 7-Eleven និង Cambodian Superstore។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា ដំណាំស្វាយចន្ទីបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទដែលមានប្រជាពលរដ្ឋចំនួន ២៥ ០០០គ្រួសារ (កម្ពុជាមានពលរដ្ឋ៦លានកន្លះគ្រួសារ) ដែលប្រកបរបរដាំដំណាំស្វាយចន្ទី។ លើសពីនេះវិស័យស្វាយចន្ទីអាចបង្កើតការងារតាមរដូវកាលសម្រាប់ពលរដ្ឋប្រហែល ១២ម៉ឺននាក់។ ប៉ុន្តែការអភិវឌ្ឍលើវិស័យនេះនៅមានកម្រិត ដោយកម្ពុជានៅខ្វះហេដ្ឋារចនាសម្ព័ន្ធក្រោយប្រមូលផលធ្វើឱ្យរំហូរគ្រាប់ស្វាយចន្ទីឆៅភាគច្រើនលើសលប់ ត្រូវនាំចេញទៅក្រៅប្រទេស ដែលធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម និងមិនអាចបង្កើតការងារអចិន្ត្រៃយ៍ដល់ពលករក្នុងសហគមន៍បាន៕
ប្រភព៖ ក្រសួងព័ត៌មាន