ក្រុមហ៊ុន ​រ៉ូយ៉ាល់​រេលវេ​​ បញ្ជា​ទិញ​​​​​ទូ​រថភ្លើង​ដឹក​ទំនិញ​ថ្មី​​​ ២៥​​ គ្រឿង​បន្ថែម​ពី​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បង្កើន​សមត្ថភាព​សេវាកម្មដឹក​ទំនិញ​​ឱ្យ​កាន់តែល្អជាងមុន
សេដ្ឋកិច្ច July 31, 2024 Khmernote

ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប បានប្រកាសពីការមកដល់ទូដឹកទំនិញថ្មីចំនួន ២៥គ្រឿងបន្ថែមពីប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញអោយកាន់តែល្អជាងមុន។ ទូរថភ្លើងទាំងនេះបានមកដល់ដោយជោគជ័យនៅរសៀល ថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។ ជាមួយការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។

ការបញ្ជាទិញនេះក៏ជាផ្នែកមួយនៃផែនការវិនិយោគរបស់ អ្នកឧកញ៉ា គិត ម៉េង ក្នុងការបង្កើនទូរថភ្លើងដឹកទំនិញចំនួន ២០០ គ្រឿងថ្មីដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជា។ ជាមួយនឹងការពង្រីកយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវា មានគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាដែលផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា។

សូមជម្រាបផងដែរថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប និងជាអ្នកផ្តល់សេវាដឹកជញ្ជូនផ្លូវដែកតែមួយគត់ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនរូយ៉ាល់រេលវេ បានចាប់ផ្តើមប្រតិបត្តិការសេវាកម្មតាំងពីឆ្នាំ២០១០ បន្ទាប់ពីបានបញ្ចប់ការស្តារឡើងវិញនូវបណ្តាញផ្លូវដែកទាំងខ្សែខាងត្បូង និងខាងជើង ដើម្បីធានាជូននូវសុវត្ថិភាព ភាពជឿជាក់ និងការពេញចិត្តរបស់អតិថិជន។ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់តម្រូវការដឹកជញ្ជូនទំនិញទូទៅក្នុងប្រទេស ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕

ប្រភព៖ Royal Railway Cambodia