ឯកឧត្តម ឃឹម ហ្វីណង់ ចាប់ផ្ដើមធ្វើការជាមួយក្រុមហ៊ុនគ្រាប់ពូជបន្លែ ក្រុមហ៊ុនជី និងក្រុមហ៊ុនថ្នាំ សំដៅចរចាស្វែងរកលក្ខខណ្ឌពិសេស ទាំងផ្នែកតម្លៃនិងគុណភាព សំរាប់សហគមន៍កសិកម្មទំនើប
សេដ្ឋកិច្ច July 31, 2024 Khmernote

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមធ្វើការជាមួយក្រុមហ៊ុនគ្រាប់ពូជបន្លែ ក្រុមហ៊ុនជី និងក្រុមហ៊ុនថ្នាំ ដើម្បីចរចាស្វែងរកលក្ខខណ្ឌពិសេស ទាំងផ្នែកតម្លៃនិងគុណភាព សំរាប់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ និងនៅតំបន់ដទៃទៀត។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តមបានពបញ្ជាក់ថា បានចាប់ផ្តើមជួបធ្វើការជាមួយក្រុមហ៊ុនគ្រាប់ពូជបន្លែ ក្រុមហ៊ុនជី និងក្រុមហ៊ុនថ្នាំ ដែលនឹងក្លាយទៅជាដៃគូផ្គត់ផ្គង់ធាតុចូលកសិកម្មដ៏សំខាន់ដល់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ និងនៅតំបន់ដទៃទៀត ជាពិសេសចរចាស្វែងរកលក្ខខណ្ឌពិសេស ទាំងផ្នែកតម្លៃនិងគុណភាព ដើម្បីធានាឱ្យបានថា សហគមន៍កសិកម្មទំនើបអាចកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាបង្កើនផលិតភាពសេដ្ឋកិច្ចរបស់ខ្លួនបាន។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានជួបពិភាក្សាការងារជាមួយផ្សារទំនើបឡាក់គី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីពិនិត្យលទ្ធភាពសហការគ្នាជាមួយនិងសហគមន៍កសិកម្មទំនើប ជាពិសេសព្យាយាមតភ្ជាប់ទីផ្សារសម្រាប់សហគមន៍បន្លែនៅត្រាំកក់ទុកឱ្យហើយ ដែលទាំងនេះសុទ្ធតែជាដំណឹងល្អៗ សំរាប់បងប្អូនដែលប្រកបរបរកសិកម្ម ជាពិសេសបងប្អូននៅក្នុងសហគមន៍កសិកម្មទំនើប៕

ប្រភព៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អត្ថបទ៖ លីនី